(ស្វាយរៀង)៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី៨ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសកម្មជន សមាជិក សមាជិកាបក្សចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏ដូចជានៅតាមកន្លែងអាជីវកម្មផ្សេងៗ ព្រមទាំងបានណែនាំប្រជាពលរដ្ឋក្រុងបាវិត ចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱកាសការងារកាន់តែសំបូរ និងប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេលជាង ៤០ឆ្នាំ បានគិតគូរជាអាទិភាពដល់សុខទុក្ខរបស់ប្រជាជនជាចំបង តាមរយៈការបង្កើតនូវឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋទូទាំងប្រទេស និងធ្វើឲ្យជីវភាពរស់នៅកាន់តែស៊ីវិល័យ ពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវមាគ៌ាដឹកនាំប្រទេសយ៉ាងត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។
ជាមួយគ្នានេះដែរ លោក លី ធុជ បានបន្តថា ក្រុងបាវិត គឺជាក្រុងមួយដែលសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកខ្ពស់ និងប្រែក្លាយជាទីក្រុងដែលមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងជាច្រកសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានផ្តល់នូវឱកាសការងារជូនកម្មករ កម្មការនីប្រមាណ ៦ម៉ឺននាក់ ក្នុងវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម ។
លោកបានបន្ថែមទៀតថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃពិសេសមួយ និងជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិតាមរយៈការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្រុងបាវិតទាំងអស់ បានសម្តែងនូវការពេញចិត្ត ការគោរពស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងនូវសន្តិភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តសម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត។
តាមរយៈការចុះតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋក្រុងបាវិត បានស្នើសុំឱ្យលោក លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត នាំយកនូវសេចក្តីគោរពស្រឡាញ់ និងស្មោះស្ម័គ្រជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕
លោក លី ធុជ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើង