(ព្រៃវែង)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តព្រៃវែង បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជិត១០០០នាក់នៅស្រុកពាមរក៍ខេត្តព្រៃវែង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។

ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាបេក្ខជនពេញសិទ្ធិ និងបម្រុង ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ រដ្ឋសភា ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក លោក លោកស្រីក្រុមការងារចុះជួយ ឃុំ ភូមិ នៃខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ គឺដើម្បីបង្ហាញនូវស្មារតីមោះមុត បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ក្នុងនាមជាសកម្មជនយុវជនបក្ស យើងម្នាក់ៗមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិមាតុភូមិ។ ហើយនៅក្នុងនាមជាអ្នកដឹកនាំ យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទីក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្ស ត្រូវបានបង្កើតឡើងមកម្ល៉េះ។ លោកកិត្តិសេដា្ឋបណ្ឌិត ជាម យៀប បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានខេត្តព្រៃវែង ផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសា្ពនមិត្តភាពកម្ពុជា ជប៉ុនឣ្នកលឿង។

លោក បានបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្តទុកដាក់លើជីវភាពបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកម្មករ កម្មការិនី ដោយផ្សាភ្ជាប់ទៅនឹងអត្ថប្រយោជន៍ជាច្រើនដែលបងប្អូនទទួលបាន។ទន្ទឹមនឹងនេះ គណបក្សប្រជាជនធានាថា អត្ថប្រយោជន៍ទាំងនេះ នឹងនៅតែរក្សា និងមានតែកើនឡើង ដោយមិនបាត់បង់ឬថយចុះនោះទេ ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាច។

សូមជម្រាបថា នេះជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលយុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មុននឹងឈានដល់ថ្ងៃបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕