(កំពត)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយប្រតិភូអមដំណើរ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ចំនួនជាង ៧០០អង្គ/នាក់ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តកំពត។
ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត (រហស័នាមលោកគ្រូមា) បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏កំពូល ជាទេវតារស់ និងសំខាន់បំផុតជាសម្តេច ជាមហាវិរបុសរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៅសាកលវិទ្យាល័យន្ទ្រវិជ្ជា និងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបានរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជួយក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស។
អ្នកឧកញ៉ាបណ្ឌិត ក៏បានរម្លឹកពីសមិទ្ឋិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ឋផលជ័យជម្នះ ៧មករា១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗទៀត ក្នុងទូទាំងប្រទេសមិនអាចនឹងគណនាបាន។
អ្នកឧកញ៉ាបណ្ឌិត បានជំរុញដល់សមណនិស្សិត និស្សិត ខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យ និងវាគ្មិនជំនាញៗដើម្បីបណ្តុះនូវគុណវុឌ្ឍិ ពង្រឹងសមត្ថភាព ព្រោះថានិស្សិតជាយុវជនមានតួនាទីត្រូវបន្តវេន រួមចំណែកអភិវឌ្ឍសង្គមជាតិបន្តពីរៀមច្បង តាមរយៈការខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ លើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាធម៌ និងត្រូវចេះស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អអាក្រក់ និងគោរពដឹងគុណចំពោះប្រមុខថ្នាក់ដឹកនាំប្រទេស គោរពចាស់ព្រឹទ្ឋាចារ្យ ដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយ ឱ្យស័ក្តិសមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។
អ្នកឧកញ៉ាបណ្ឌិត ក៏បានជំរុញដល់អង្គពិធីទាំងមូល អញ្ជើញបោះឆ្នោតឲ្យបានគ្រប់គ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយលោកបណ្ឌិតជាបញ្ញវន្តដែលមានចំណេះដឹងយ៉ាងខ្ពង់ខ្ពស់លើផ្នែក យោធា សេដ្ឋកិច្ច និងនយោបាយ ដែលសិក្សាមកពីបរទេស។
ផ្អែកតាមរបាយការណ៍របស់សាស្ត្រាចារ្យ បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាកលវិទ្យាល័យនេះ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។ បច្ចុប្បន្ន សាកលវិទ្យាល័យ មាន៤ទីតាំង នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តកំពត និងបានធ្វើការបណ្តុះបណ្តាលនៅគ្រប់កម្រិត ដូចជា ការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
លោកបន្តថា គិតមកដល់ពេលនេះ មាននិស្សិតដែលបានបញ្ចប់ការសិក្សាចំនួនជាង ២ពាន់អង្គ/នាក់ ហើយកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន៕