(ព្រះសីហនុ)៖ នៅចំណុចលើដងផ្លូវវិថីឆ្នេររាមទល់មុខព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់ បានសម្រេចហើយគេចខ្លួនបាត់ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំរាម បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង០៣នាក់ ខណៈដែលជនសង្ស័យបានផ្ដួលម៉ូតូរួចរត់ចូលក្នុងព្រៃ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលចាប់ខ្លួនបាននេះ ទី១៖ឈ្មោះ ចាន់ ហេង អាយុ១៨ឆ្នាំ (អ្នកឆក់ផ្ទាល់), ទី២៖ឈ្មោះ កៅ យ៉ូវ អាយុ៣២ឆ្នាំ (អ្នកជិះពីក្រោយ) និងទី៣៖ឈ្មោះ ចាន់ តឹង អាយុ៣១ឆ្នាំ (អ្នកបើកម៉ូតូ)។
សម្ភារវត្តុតាងដកហូតរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជាមធ្យោបាយប្រព្រឹត្តបទល្មើស), កាបូបស្ពាយចំហៀង ម៉ាក LV ក្នុងនោះ មានទូរស័ព្ទដៃ២គ្រឿង ម៉ាក ViVo ពណ៌ទឹកមាស១គ្រឿង និងម៉ាក Oppo ពណ៌ខៀវ១គ្រឿង (ជាផលនៃអំពើលួច), ទូរស័ព្ទដៃ២គ្រឿង ម៉ាក Lenovo ពណ៌ស ១គ្រឿង និងម៉ាក Samsung ពណ៌ខ្មៅ ១គ្រឿង (ជារបស់ជនសង្ស័យ)។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកខ្លួនទាំង៣នាក់ រួមទាំងបក្ខពួក០៣នាក់ទៀត កន្លងមកបានធ្លាប់ធ្វើសកម្មភាពអំពើលួចចំនួន១១ករណី ក្នុងនោះក្នុងក្រុងព្រះសីហនុ ចំនួន៧ករណី (ឆក់+លួចម៉ូតូ) និងស្រុកព្រៃនប់ ចំនួន៤ករណី(ឆក់+លួចម៉ូតូ)។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរបន្ត តាមនីតិវិធីជំនាញ៕