(កណ្ដាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានបន្តចុះជួបសកម្មជន និងសមាជិកសមាជិកាគណបក្សនៅក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោត។
លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជនគណបក្សបន្តសកម្មភាពចុះបង្រៀនការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ គ.ជ.ប និងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ឲ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិតដែលបន្លំខ្លួនជាមនុស្សរបស់ គណបក្សប្រជាជន ហើយទៅណែនាំប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស។
លោក វង្សី វិស្សុត បានសម្ដែងនូវអំណរគុណដល់សកម្មជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំឬស្សីជ្រោយទាំងអស់ ពិសេសបងប្អូនខ្មែរឥស្លាម ដែលតែងបាន ផ្តល់ការគាំទ្រ ហើយនឹងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាពេលអនាគត ដើម្បីថែរក្សាសន្តិភាព, ឯកភាពជាតិ, ឯករាជ្យភាព, អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងសមិទ្ធផលនានា ឱ្យ បាន គង់វង្ស ក៏ដូចជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែជឿនលឿន និងបន្តរីកចម្រើនលូតលាស់ទៅមុខ ឲ្យស្មើមុខស្មើមាត់ ដូចប្រទេសនានាក្នុងតំបន់ និងពិភពលោក ពោលគឺសំដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោក វង្សី វិស្សុត បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សទាំងអស់ សូមនាំគ្រួសារ បងប្អូន និងញាតិមិត្ត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីសន្ដិភាព, ស្ថេរភាព និងការអភិវឌ្ឍ ព្រមទាំងដើម្បីលើកតម្កើងជីវភាពខ្លួនឯង៕