(ភ្នំពេញ)៖ ប្រទេសកម្ពុជា រំពឹងថា នឹងទទួលបានការលើកលែងពន្ធលើទំនិញផ្សេងៗជាច្រើនទៀត ក្នុងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្រៅពីផលិតផលកាបូប និងវ៉ាលី។ នេះបើតាមការលើកឡើងរបស់ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងជំនួបជាមួយលោក Erland Herfindahl ឧបករីរងនៃការិយាល័យពាណិជ្ជកម្មអាមេរិក នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នោះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឱ្យដឹងថា «កម្ពុជាត្រូវការការលើកលែងពន្ធលើវិស័យជាច្រើន ដែលក្រុមចចារពាណិជ្ជកម្ម គ្រោងនឹងពិភាក្សាគ្នាបន្ថែមទៀត នៅឱកាសខាងមុខ ក្នុងនោះមានដូចជាផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលជាច្រើនទៀត ដែលបញ្ហានេះ បានជជែកគ្នាជាច្រើនឆ្នាំមកហើយ»។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រកាសលើកលែងពន្ធលើផលិតផលជាប់ខ្លួន មានដូចជាកាបូប វ៉ាលី ដែលនាំចូលពីកម្ពុជា ហើយកន្លងទៅ ការនាំចេញផលិតផលនេះ ទៅកាន់អាមេរិក គិតជាទឹកប្រាក់ មានចំនួនជាង៤៩លានដុល្លារអាមេរិកផងដែរ៕