(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការអញ្ជើញទៅបោះឆ្នោត គឺជាសិទ្ធិស្របតាមច្បាប់ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នឹងធានាការពារសន្តិភាព ដែលបន្តធ្វើឱ្យនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរុងរឿង។

ការលើកឡើងរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅពេលអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សស្រុកអូររាំងឪ គណបក្សមូលដ្ឋានឃុំព្រះធាតុ យុវជនគណបក្ស បន្តចុះជួបសមាជិក សមាជិកា ប្រជាពលរដ្ឋ តាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយព័ត៌មានបោះឆ្នោត និងរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

នាឱកាសនោះដែរ លោក និងក្រុមការងារក៏បានផ្តាំផ្ញើ ដល់សមាជិកបក្សទាំងអស់ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឯកសារសម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងអំពាវនាវឱ្យទៅបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានដោយផ្ទាល់លោក ខ្វៃ អាទិត្យា បានលើកឡើងថាអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ប្រវត្តិសាស្រ្ត ហើយថ្នាក់ដឹកនាំគណបក្សបានពុះពារគ្រប់ឧបសគ្គ យកអាយុជីវិត ធ្វើដើមទុនក្នុងការទាមទារឯករាជ្យ រំដោះប្រទេស កសាងការពារ ការវិលត្រឡប់នៃរបបបនប្រល័យពូជសាស្រ្ត ប៉ុល ពត រហូតនាំប្រទេសឱ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ៕