(ភ្នំពេញ)៖ សហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិដែលជានិស្សិត នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន ២,៤៧២នាក់ ដើម្បីចូលសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣។ ពិធីនេះបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នាឱកាសនោះដែរ លោក កែ រីទ្ធ អគ្គនាយរង និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស គ.ជ.ប បានថ្លែងថា សម្រាប់ការបោះឆ្នោតៅកម្ពុជាកន្លងតែងតែប្រព្រឹត្តទៅដោយសេរី តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់ការរៀបចំបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិជានិស្សិត គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា។

លោកបានបន្តថា៖ «សំឡេងរបស់យើងម្នាក់ៗ ដែលជាអ្នកចូលទៅសង្កេតការណ៍ គឺជាសំឡេងមួយនៃសាក្សីពិតប្រាកដ ពេលនេះយើងពាក់អាវអ្នកសង្កេតការណ៍ជាតិ (កែវភ្នែកយុត្តិធម៌) ដែលអាវនេះយើងចាប់ផ្តើមប្រើតាំងពីឆ្នាំ២០០៣ ដូច្នេះ យើងពាក់អាវណាត្រូវដើរតួនាទីឱ្យសមស្របចំពោះការងាររបស់យើង សមស្របនឹងមនសិការបស់យើង យើងជាអ្នកសង្កេតការណ៍ជាតិត្រូវមើលភាពជាក់ស្តែង ផ្តល់តម្លៃនូវសច្ចៈធម៌មួយនៃគុណតម្លៃការបោះឆ្នោត ជៀសវាងប្រព្រឹត្តអំពើណាមួយខុសពីក្រមសីលធម៌ក្នុងនាមអ្នកសង្កេតការណ៍ជាតិ ដែលបានផ្តល់ជូន»

បើតាមកញ្ញា ហេង ដាលីន ជានិស្សិតឆ្នាំទី២ កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងជាអ្នកស្ម័គ្រចិត្តសង្កេតការណ៍បោះឆ្នោត បានថ្លែងថា ការរៀបចំឱ្យមានវគ្គបណ្តុះណ្តាលអ្នកសង្កេតការណ៍ជាតិនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងខ្លាំងពីសំណាក់អ្នកសង្កេតការណ៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ សង្កេតមើលសកម្មភាពនានានៅតាមការិយាល័យបោះឆ្នោត។

ដោយឡែកកញ្ញា សុភ័ក្ត្រ នាថ បានយល់ឃើញថាការៀចំវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលនឹងក្លាយជាផ្នែកមួយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសគោរពតាមលទ្ធិប្រជាធិបតេយ្យ ដែលបានអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមពិនិត្យដំណើរការបោះឆ្នោតដោយមិនមានការរឹតត្បិត។

កញ្ញា នួន ស្រីវ័ន្ត បានថ្លែងថា ការអនុញ្ញាតឱ្យមានការអ្នកសង្កេតការណ៍ច្រើន ជាពិសេសការរៀបចំវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត គឺបានផ្តល់ឱកាសមួយដ៏សំខាន់ដល់យុវជននានា ដើម្បីមានកាសយល់ដឹងបន្ថែមពីនីតិវិធីនៃការបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ភារកិច្ចជាអ្នកសង្កេតការណ៍ក្នុងព្រឹត្តិការណ៍បោះឆ្នោត វាគឺជាកែវភ្នែកដ៏យុត្តិធម៌មួយសម្រាប់សកម្មភាពបោះឆ្នោតនានានៅតាមការិយាល័យ ឬមណ្ឌលបោះឆ្នោតផ្សេងៗ ដែលអាចជាសាក្សីមួយបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅយ៉ាងដូចម្តេច ស្របតាមការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

យុវជន ម៉ារ៉ារិទ្ធ ច័ន្ទម៉ារ៉ាត់ បានយល់ឃើញស្របគ្នាថាការអនុញ្ញាតឱ្យមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនអាចចូលសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកនូវសិទ្ធិសេរីភាពពេញលេញ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍បោះឆ្នោតជាតិសរុបចំនួន ២៩,១៦៤នាក់ មកពី១១សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងកំពុងបន្តពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍បោះឆ្នោតមួយចំនួនទៀត៕