(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត សឹង សំណាង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយលោក កែវ ពៅ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត, លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត, លោក ឡុច វណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍ខេត្ត បានដឹកនាំក្រុមការងារចុះជួយមូលដ្ឋានឃុំគណៈអចិន្ត្រៃយ៍គណបក្សសង្កាត់សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ ចែកខិតប័ណ្ណ និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងឃុំកំពង់ហៅ ឃុំត្រងិល និងឃុំពោធិ។

ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិ តាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ការខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។ លោកថា សន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋ ជាសំឡេងដ៏សំខាន់ ក្នុងនាមជាពលរដ្ឋរស់នៅក្នុងប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។

លើសពីនេះ លោកបណ្ឌិត សឹង សំណាង បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

គួរជម្រាបថា តាមគ្រោងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ លោកបណ្ឌិត សឹង សំណាង នឹងបន្តដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំច្រណូក ឃុំដារ ឃុំស្វាយរំពារ ឃុំសំរោងសែន ស្រុកកំពង់លែងបន្ថែមទៀតផងដែរ៕