(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហការអន្តរជាតិ បានបញ្ជាក់ថា ជំនួយប្រមាណ ៦០០លានដុល្លារអាមេរិក របស់រដ្ឋាភិបាលចិន សម្រាប់ការអភិវឌ្ឍ នៅកម្ពុជារយៈពេល ៣ឆ្នាំ គឺកើតចេញពីទំនាក់ទំនងដ៏ល្អរបស់កម្ពុជា-ចិន មិនជាប់ពាក់ព័ន្ធបញ្ហាសមុទ្រខាងត្បូងនោះឡើយ។
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឲ្យកម្ពុជា ប្រមាណ ៦០០លានដុល្លារសហរដ្ឋអាមេរិក។ ជំនួយរបស់ចិន បានផ្តល់ជូនកម្ពុជា នៅ ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៥ ខែកក្កដា។ ជំនួយសម្រាប់ការអភិវឌ្ឍរយៈពេល ៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ បានធ្វើឡើងបន្ទាប់ពី ប្រទេសកម្ពុជា បានប្រកាសជំហរមិនគាំទ្រលើសាលក្រមរបស់តុលាការមជ្ឈត្តិកម្មឡាអេក្នុងជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងប្រទេសហ្វីលីពិន កាលពីថ្ងៃទី១២ ខែកក្កដា។
ព្រោះជំនួយរបស់ចិន ផ្តល់ចំពេល ដែលកម្ពុជា មិនគាំទ្រសាលក្រមតុលាការមជ្ឈត្តិកម្ម ជាសាលក្រមឲ្យចិន ចាញ់ហ្វីលីពិន ក្នុងជម្លោះ សមុទ្រចិនខាងត្បូងនេះ នាំឲ្យមានការចោទប្រកាន់ថា ជំនួយនេះជាថ្នូរ ដែលកម្ពុជាមិនគាំទ្រលើសាលក្រមរបស់តុលាការមជ្ឈត្តិកម្ម។
លោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានពេលត្រឡប់មកពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅប្រទេសឡាវ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះថា ការលើកឡើងទាំងនោះ ជាការប្រមាថចំពោះប្រទេសកម្ពុជា ដែលជាប្រទេសអធិបេតយ្យមួយ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហការអន្តរជាតិដដែលបានបញ្ជាក់ទៀតថា ការផ្តល់ជំនួយពីភាគីចិននាពេលនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការទេ្វភាគ ហើយចិនសម្រេចផ្តល់ជំនួយគឺដើម្បីជំរុញ ដល់ការអភិវឌ្ឍន៍ដល់កម្ពុជា។ ចំពោះទំនាក់ទំនង និងការសន្យាផ្តល់ជំនួយ គឺជាកិច្ចការដែលកម្ពុជា-ចិន បានពិភាក្សាគ្នារួចមកហើយ៕