(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលធ្លាប់ឆ្លងកាត់សមរភូមិសង្គ្រាមកាលពីអតីតកាល បានផ្ញើសារមួយចំនួនជូនជនរួមជាតិ ពិសេសយុវជនជំនាន់ក្រោយ ឲ្យយល់ច្បាស់អំពីតម្លៃនៃការជ្រើសរើសមេដឹកនាំប្រទេស បើកាលណាជ្រើសរើសត្រូវ ប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍ ផ្ទុយទៅវិញប្រសិនបើរើសមេដឹកនាំខុស ប្រទេសជាតិនឹងធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមវិញជាក់ជាមិនខាន។

នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈវីដេអូខ្លីមួយដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ បានរំលឹកដល់យុវជនជំនាន់ក្រោយ នូវរឿងរ៉ាវពីរដែលប្រជាជនកម្ពុជាធ្លាប់បានហែលឆ្លងកាត់ សូម្បីតែរូបលោកក៏ត្រូវបានក្លាយជាក្មេងកំព្រាដោយសារសង្គ្រាម ក្នុងនោះ ទី១៖ កុំភ្លេចឲ្យសោះថា កម្ពុជាមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាត់សម្លាប់ជនរួមឈាម និងទី២៖ សន្ដិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ គឺដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ សៅ សុខា បានពន្យល់ទៀតថា របបប្រល័យពូជសាសន៍ ដែលបានផុតរលត់ទៅមិនមែនដោយសារពលរដ្ឋកម្ពុជា ដុតធូបបន់ព្រះ សំពះទេវតាទេ បើគ្មានការធ្វើពលិកម្មដោយឈាម ឆ្អឹងរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាស្នេហាជាតិទេ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបាននោះទេ ម្ល៉េះរបបដ៏ខ្មៅងងឹតនេះមិនអាចរលាយសាបសូន្យបានឡើយ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា សម្រាប់សន្តិភាព ដែលមានសព្វថ្ងៃនេះ គឺជាសន្តិភាពដែលបានមកដោយនយោបាយឈ្នះឈ្នះ គឺជាគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះសម្ដេចបានមើលឃើញយ៉ាងច្បាស់ថាខ្មែរ ដែលកាន់កាំភ្លើងបាញ់គ្នាសម្លាប់គ្នានេះ សុទ្ធតែជាជនរងគ្រោះ ហើយរឿងទាំងអស់ គឺវាកើតឡើងចេញពីអ្នកនយោបាយ បើបញ្ចប់បានពួកអ្នកនយោបាយជ្រុលនិយម នយោបាយល្ងង់ នយោបាយស៊ីឈ្នួលបម្រើឲ្យបរទេស ពលរដ្ឋខ្មែរពិតជាបានសុខ។

សរុបមកវិញ នាយឧត្តមសេនីយ៍ សៅ សុខា ចង់ឲ្យយុវជនជំនាន់ក្រោយបានយល់ច្បាស់ថា «ការជ្រើសរើសយកអ្នកដឹកនាំជារឿងដែលសំខាន់បំផុត»

សូមស្ដាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខា៖