(ក្រចេះ)៖ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មី ១ទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។
តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន០៩ក្បាលទៀត។ ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។
គួរឱ្យដឹងថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕