(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាថ្មីៗនេះ បានសម្រេចទទួលយកការបំភ្លឺទាំង៦ចំណុចពី ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឆ្លើយតបចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ពីជនអនាមិក។
នៅក្នុងលិខិតមួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផ្ញើទៅកាន់ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍នាថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រឹមតែថ្លែងអំណរគុណ ជូនពរលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ចំពោះការបំភ្លឺនោះទេ ប៉ុន្តែស្នើឱ្យ ឧត្តមសេនីយ៍ឯករូបនេះ ផ្សពផ្សាយនូវលិខិតបំភ្លឺរបស់ខ្លួន នៅក្នុងនាយកដ្ឋានដើម្បីបញ្ចប់នីតិវិធីបឋមនៃការទទួលពាក្យបណ្តឹងរបស់ អ.ប.ព ផងដែរ។
នៅលើទំព័រ Facebook របស់នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ អង្គភាពនេះបានអះអាងថា ACU បានសម្រេចច្រានចោលទាំងស្រុង ទៅនឹងការចោទប្រកាន់ របស់ជនអនាមិក លើឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ហើយថា ACU ក៏បានផ្តល់យុត្តិធម៌ដល់ ឧត្តមសេនីយ៍ឯករូបនេះផងដែរ។
នៅលើ Facebook នោះបានសរសេរយ៉ាងដូច្នេះថា «អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានផ្តល់ភាពយុត្តិធម៌ស្អាតស្អំនិងច្រាន ចោលការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មកលើឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ»។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានជនអនាមិកបានប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទ លោក រុន រ័ត្នវាសនា ចំនួន៦ចំណុច ពាក់ព័ន្ធនឹងការគ្រប់គ្រងការងារ នៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានបំភ្លឺយ៉ាងក្បោះក្បាយជូនអង្គភាពប្រឆាំងអំពើពុករលួយវិញផងដែរ។
សូមអាននូវសេចក្តីបំភ្លឺរបស់ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ខាងក្រោមនេះ៖