(តាកែវ)៖ នៅថ្ងៃទី៧ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាសបានដឹកនាំសមាជិកសមាជិកាបក្សប្រជាជនកម្ពុជា ចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងលើកបង្ហាញគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋ មិនត្រូវមើលរំលង។
លោក យឹម ណុលឡា បានចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រៃកប្បាស និងឃុំអង្កាញ់ ស្ថិតក្នុងស្រុកព្រៃកប្បាស។ ក្នុងដំណើរចុះតាមខ្នងផ្ទះនោះ លោក យឹម ណុលឡា និងក្រុមការងារ ណែនាំប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងក្រើនរំលឹកពលរដ្ឋកុំឱ្យជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមគូសបំផ្លាញសន្លឹកឆ្នោត។
លោក យឹម ណុលឡា បានរំលឹកពីច្បាប់បោះឆ្នោតទើបកែប្រែថ្មីលើមាត្រាមួយចំនួន ដែលបានកំណត់ពីការផ្តន្ទាទោសចំពោះជនទាំងឡាយ ដែលបំផ្លាញ ដល់ដំណើរការបោះឆ្នោត។
លោក យឹម ណុលឡា បានលើកបង្ហាញពីគុណសម្បត្តិជា ច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋត្រូវពិចារណា។ លោកបានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ជាគ្រឹះដ៏រឹងមាំក្នុងការរក្សាសុខសន្តិភាពការពារសន្តិភាពស្ថិរភាពនយោបាយការពារជាតិ ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ ជាពិសេសគណបក្សប្រជាជនកម្ពុជា ការពាររាល់សមិទ្ធផលសង្គមជាតិ ដែលបក្សបានកសាងយ៉ាងលំបាករយៈពេលជាង៤០ឆ្នាំមកនេះ ឱ្យរឹងមាំស្ថិតស្ថេរគង់វង្ស ហើយបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រកប ដោយចីរភាពសមធម៌ និងបរិយាបន្ន ដូចក្នុងកម្មវិធីនយោបាយដែលបក្សបាន ដាក់ចេញ និងប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។
ក្នុងជំនួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះនោះ លោក យឹម ណុលឡា បានសង្កត់ធ្ងន់ពីតម្លៃនៃសុខសន្តិភាព។ លោកបានអះអាងថា មានសន្តិភាពទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។
លោក យឹម ណុលឡា ក៏បានគូសបញ្ជាក់នូវស្មារតីរបស់បក្សប្រជាជនកម្ពុជា ក្នុងការគាំទ្រសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។
លោក យឹម ណុលឡា ក៏មិនភ្លេចដែរក្នុងការក្រើនរំលឹកពលរដ្ឋ អញ្ជើញទៅ បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះហើយបោះជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីសុខសន្តិភាពវឌ្ឍនភាព និងវិបុលភាព៕