(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត  ស្តើង សុខុម បានដឹកនាំនិស្សិត និងយុវជនជាង៥០០នាក់ ធ្វើយុទ្ធនាការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋនៅស្រុកកំចាយមារ  ខេត្តព្រៃវែង ដើម្បីបង្រៀនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ និងត្រៀមឯកសារសម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ 

ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះ ជួយស្រុកកំចាយមារ  លោកបណ្ឌិតបានចាត់ទុកសកម្មភាពដឹកនាំក្រុមនិស្សិត និងយុវជនទាំងជាង៥០០នាក់ ចុះតាមខ្នងផ្ទះ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គឺជាសកម្មភាពមួយដ៏មានសារៈសំខាន់ ដើម្បីធានាបានថា សន្លឹកឆ្នោតដែលពលរដ្ឋបានគូសនៅថ្ងៃបោះឆ្នោតខាងមុខ ជាសន្លឹកឆ្នោតបានការ  ស្របតាមឆន្ទៈមនសិការរបស់ពួកគាត់។  

លោកបណ្ឌិតបានគូសបញ្ជាក់ទៀតថា សកម្មភាពនេះក៏ជាការគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ  ហ៊ុន  សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកាលពីពេលថ្មីៗនេះ បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដ៏ទៃទៀត សូមបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវព្រោះជាកិច្ចការដែលត្រូវធ្វើរួមគ្នា ដើម្បីឱ្យការបោះឆ្នោតមួយប្រកបដោយភាពរលូនសម្រាប់ប្រទេសជាតិ។  

បើតាមលោកបណ្ឌិត សកម្មភាពនេះ ក៏ស្របទៅនឹងច្បាប់ដែលបានចែងថា គ្រប់គណបក្សនយោបាយអាចចុះបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់អ្នកគាំទ្ររបស់ខ្លួនបាន។

ក្រៅពីបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវហើយនោះ លោកបណ្ឌិតរួមទាំងយុវជនទាំងអស់  ក៏បានជម្រាបជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ កុំឱ្យចាញ់បោកការឃោសនាអកុសល ញុះញង់ឱ្យបំផ្លាញ សន្លឹកឆ្នោត ពីក្រុមអគតិក្រៅស្រុកមួយក្ដាប់តូចដែលចង់បំផ្លាញការបោះឆ្នោត  និងលទ្ធិប្រជាធិបតេយ្យដែលប្រទេសកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងបន្តរីកធំធាត់ជានិរន្ត។ 

បើតាមលោកបណ្ឌិត ស្តើង សុខុម និស្សិត និងយុវជនទាំងជាង៥០០នាក់ ត្រូវបានបែងចែកជាក្រុម  ដើម្បីធ្វើសកម្មភាពចុះ បង្រៀន ពលរដ្ឋគូសសន្លឹកឆ្នោតទាំង៣៣ភូមិក្នុងឃុំស្មោងខាងត្បូង  និងឃុំក្របៅ  នៃស្រុកកំចាយមារ។ មុនធ្វើ ដំណើរចុះទៅតាមគោលដៅរៀងៗខ្លួន  លោកបណ្ឌិតបានណែនាំដល់និស្សិត និងយុវជនទាំងអស់ត្រូវប្រកាន់ខ្ជាប់ ឥរិយាបថ សមរម្យ  សុភាពរាបសារ  សំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងណែនាំប្រជាពលរដ្ឋម្ចាស់ឆ្នោតឱ្យចេះគូសសន្លឹក ឆ្នោតបានត្រឹមត្រូវ  ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨។

ជាការកត់សម្គាល់ ចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោតវិញ  បានបង្ហាញនូវភាពរីករាយស្វាគមន៍និស្សិត និងយុវជនទាំងអស់ដែលបានចុះទៅលំនៅដ្ឋានរបស់ពួកគាត់ផ្ទាល់ ព្រមទាំងបានប្ដេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា  ឆ្នាំ២០២៣ ឱ្យបានទទួលជ័យជម្នះធំធេងសម្រាប់ស្រុកកំចាយមារទាំងមូល៕