(ភ្នំពេញ)៖ តាមរយៈបង្កើន​ និងពង្រីកវិសាលភាពនៃការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់រហូតដល់កូនអាយុ២ឆ្នាំ រាជរដ្ឋាភិបាលបានគ្រោងថវិកាប្រមាណ ២៨លានដុល្លារក្នុងមួយឆ្នាំ ​​ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកតាមរយៈការមកទទួល និងប្រើប្រាស់សេវាសុខាភិបាល។

បណ្ឌិត ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រាប់បណ្តាញព័ត៌មាន Fresh News ​ថា នាពេលកន្លងមក ​ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មកពីគ្រួសារក្រីក្រ រាជរដ្ឋាភិបានចំណាយថវិកាក្នុងរង្វង់ ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣​ រាជរដ្ឋាភិបាលសម្រេចបង្កើនកម្រិតប្រាក់ឧបត្ថម្ភនេះ និងពង្រីកវិសាលភាពនៃការឧបត្ថម្ភ ដោយគ្របដណ្ដប់ដល់កម្មករនិយោជិតជាស្ត្រី, មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីកិច្ចសន្យាជាស្រ្តី​ និងស្ត្រីមកពីគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាលរហូតដល់កូនមានអាយុ២ឆ្នាំ​ ដោយរដ្ឋគ្រោងចំណាយ​ក្នុងរង្វង់ ២៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

​លោកបានឱ្យដឹង​ថា ​​ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកតាមរយៈការមកទទួល និងប្រើប្រាស់សេវាសុខាភិបាល។ ហើយទន្ទឹមនេះក៏រួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ​ របស់គ្រួសារកម្មករនិយោជិត​ និងកុមារដែលស្ថិតក្នុងគ្រួសារក្រីក្រ​ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ក្នុងរយៈពេល ១០០០ ថ្ងៃដំបូងនៃជីវិត។

សូមជម្រាបថា កាលពីថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០២៣​ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ​ ដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែមទៀត ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម និង​ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែម ជូនស្រ្តីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្រ្តី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះ ឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន នាពេលអនាគត។​ ​

សូមជម្រាបថា រាជរដ្ឋាភិបាលកំពុងអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ មកពីគ្រួសារក្រីក្រ ដោយទទួលបានការឧបត្ថម្ភសរុប៧៦ម៉ឺនរៀល។ ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង ក្នុងមួយដង ៤ម៉ឺនរៀល។ ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល។

ប៉ុន្តែចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាលនឹងដំឡើងកម្រិតប្រាក់ឧបត្ថម្ភថ្មី សម្រាប់កម្មករនិយោជិតជាស្រ្តី គឺទទួលការបើកផ្តល់ប្រាក់ ៨០ ០០០ រៀលក្នុង១ដង សម្រាប់ការពិនិត្យផ្ទៃពោះ មុនពេលសម្រាលចំនួន៤ដង និងក្រោយសម្រាលចំនួន ១០ដង រហូតដល់កូនមានអាយុ២ឆ្នាំ និងបើកផ្តល់ ៨០០ ០០០ រៀល សម្រាប់ការសម្រាលកូន១ និងបូកបន្ថែម ៤០០ ០០០ រៀល សម្រាប់កូនភ្លោះទី២ និងកូនភ្លោះទី៣ និងជាបន្តបន្ទាប់​៕