(កំពត)៖ លោកស្នងការនគរបាលខេត្តកំពត ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកស្រី្ត ដែលកើតជម្ងឺទាចទឹក ទៅព្យាបាលនៅមន្ទីរពេទ្យ «សុនយ៉ាខៀល» បន្តទៀត ខណៈព្រឹកមិញ លោកស្នងការ បាននាំយកស្រ្តីដែលកើតជម្ងឺដំបៅលើដោះ ទៅធ្វើការវះកាត់រួចហើយ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ស្រ្តីដែលកើតជម្ងឺទាចទឹកមានឈ្មោះ ភោគ សាម៉េត ស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត នោះត្រូវបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ។ ដោយឡែកសម្រាប់ស្រ្តីដែលមុនដំបូងគិតថា មានជម្ងឺមហារីកដោះនោះ តែតាមការពិតគឺជាដំបៅលើដោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់រួចហើយ នៅវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ស្រ្តីរូបនេះមានឈ្មោះ នួច សុភា ស ២០ឆ្នាំ និងទារកអាយុ២ខែរស់នៅភូមិ-ឃុំខាងលើ។ កាលពីព្រឹកមិញ លោកស្នងការ និងក្រុមការងារបាននាំយកអំណោយជាគ្រឿងបរិភោគ ថវិការបស់សម្តេចតេជោ៤០ម៉ឺនរៀល ថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៤០ម៉ឺនរៀល និងថវិកាកាកបាទក្រហមខេត្តចំនួន១០ម៉ឺនរៀលផងដែរ ទៅប្រគល់ជូនដល់ផ្ទះតែម្តង។
ពេលនោះក៏ទទួលបានព័ត៌មានស្រ្តីដែលមានជម្ងឺទាចទឹកនៅក្នុងភូមិ ក៏បានយកថវិកាចំនួន៨០ម៉ឺនរៀលរបស់សម្តេចតេជោ ទៅប្រគល់ជូនផងដែរ។ នៅថ្ងៃស្អែកនេះ លោកស្នងការ នឹងចាត់ចែងឲ្យក្រុមការងារ ទៅដឹកស្រ្តីរងគ្រោះដែលកើតជម្ងឺទាចទឹក មកព្យាបាលនៅមន្ទីរពេទ្យ សុនយ៉ាខៀល ដែលស្ថិតនៅក្បែរជើងភ្នំបូកគោ៕