(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ ការរួបរួមសាមគ្គីគ្នារបស់សមាជិកបក្ស គ្រប់លំដាប់ថ្នាក់ គឺកាន់តែធ្វើឱ្យកម្លាំង របស់គណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំ ដើម្បីបន្តបេសកកម្ម រក្សាសន្តិភាព  និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាកាន់តែខ្លាំងថែមទៀត។

លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ៣១០នាក់ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក អ៊ាង សុផល្លែត បានបន្ថែមថា សុខសន្តិភាពជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើនទៅមុខ។ សមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបន្តការជឿងជាក់មកលើគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវ ក្នុងការដឹកនាំនាវាកម្ពុជា ឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព ថែរក្សាសមិទ្ធផលដែលមានស្រាប់ អធិបតេយ្យភាព ដើម្បីបន្តដំណើរនាវាកម្ពុជា។

ក្នុងឱកាសនេះដែរ លោកបានណែនាំដល់សមាជិក សមាជិកា ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ត្រៀមឯកសារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោតដូចជា៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ លេខរៀងទី១៨ ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍក្នុងសន្តិភាពទាំងអស់គ្នា៕