(ព្រះសីហនុ)៖ គ្រឿងញៀនជាង២តោន ប្រមូលមកពីខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំង៣ខេត្ត, ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រឿងញៀនដែលដុតបំផ្លាញនៅពេលនេះ រួមមាន៖
*ទី១៖ សំណុំរឿងព្រហ្មទណ្ឌចំនួន៧១សំណុំរឿង របស់សាលាដំបូងខេត្តព្រះសីហនុ ដែលមានសារធាតុញៀន ចំនួន២,០៤៥គីឡូក្រាម, កញ្ឆាក្រៀម ចំនួន១១គីឡូក្រាម
*ទី២៖ សំណុំរឿងព្រហ្មទណ្ឌចំនួន២១៦សំណុំរឿង របស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលមានសារធាតុញៀន ចំនួន៩២គីឡូក្រាម
*ទី៣៖ សំណុំរឿងព្រហ្មទណ្ឌចំនួន១០៧សំណុំរឿង របស់សាលាដំបូងខេត្តកំពត ដែលមានគ្សារធាតុញៀន ចំនួន១គីឡូក្រាម, កញ្ឆាក្រៀម ចំនួន៤១.១២ក្រាម។ សរុបថ្នាំញៀនទាំងអស់ចំនួន២,១៥១គីឡូក្រាម។
ក្នុងឱកាសនេះ លោក គួច ចំរើន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក។
លោកបន្តថា ក្នុងខេត្តព្រះសីហនុ មានការបង្ក្រាប់ទ្រង់ទ្រាយធំមួយរហូតដក់ហូតបានគ្រឿងញឿន៨០០គីឡូក្រាម ក្រោយការស្រោវជ្រាវបានកំណត់ថា មួយចំណែកបម្រុងចែកចាយទៅក្រៅប្រទេស និងមួយចំណែកទៀតលក់បន្តក្នុងស្រុក ក្នុងករណីនេះបើមិនមានកិច្ចសហការ ទប់ស្កាត់រាល់សកម្មភាពទាំងនេះទេ ថ្នាំញៀនទាំងអស់នោះ នឹងត្រូវបានបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរចំពោះអ្នកប្រើជាក់ជាមិនខាន។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា កន្លងទៅថ្មីៗនេះ កម្ពុជាបានប្រារពពិធីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបន្តបន្ទាប់ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ហើយស្របទៅនឹងបរិបទរបស់ពិភពលោក ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅប្រធានបទថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះ គឺ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។
ក្នុងគោលបំណងធ្វើឲ្យការអនុវត្តខ្លឹមសារប្រធានបទរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំនេះកាន់តែមានភាពមុតស្រួច ជាពិសេសចង់ឲ្យមានសុខដុមណីកម្ម ក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកិច្ចសហការគាំទ្រជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាបអសកម្មនានានៅក្នុងមូលដ្ឋាន។
លោកបានគូសបញ្ជាក់ថា គ្រឿងញៀន គឺវត្ថុដ៏ចង្រៃគ្រោះថ្នាក់ និងជាវត្ថុមួយដ៏កាចសាហាវ ដែលមិនត្រឹមតែអាចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់បុគ្គលខ្លួនឯងផ្ទាល់ជាអ្នកប្រើប្រាស់ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសាររបស់បុគ្គលដែលប្រើប្រាស់គ្រឿងញៀននោះផងដែរ។ លោកបន្តទៀតថា យោងតាមរយៈវីដេអូផ្សព្វផ្សាយ បើបុគ្គលណាដែលមានសារធាតុញៀនចូលក្នុងខ្លួនហើយ នោះអ្នកទទួលរងគ្រោះមិនមែនមានតែបុគ្គលតែម្នាក់នោះទេ គឺគ្រួសារទាំងមូលដែលត្រូវរងគ្រោះ៕