(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលរួមរស់ជាមួយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។ លោកបានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណជិត៣០០នាក់។
លោកបានអះអាងថា «មកទល់ពេលនេះ សមិទ្ធផលនានាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តការអភិវឌ្ឍលើគ្រប់វិស័យ គឺជាស្នាដៃរបស់បក្សប្រជាជនកម្ពុជា មិនមានគណបក្សណាផ្សេងដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាប្រទេសជាតិទាំងមូល»។
ក្នុងនាមក្រុមការងារថ្នាក់ខេត្ត និងជាតំណាងរាស្ត្រ លោកខិតខំផ្សព្វផ្សាយពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានជ្រាបដល់ថ្នាក់មូលដ្ឋាន ពិសេសត្រូវក្តាប់យកព័ត៌មានឲ្យបានដើម្បីកុំឲ្យជនឆ្លៀតឱកាសមួយចំនួន ផ្សព្វផ្សាយបំភ្លៃការពិតដោយយកផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា ធ្វើជាលេស និងឧបករណ៍នយោបាយផ្សព្វផ្សាយបំភ្លៃការពិតធ្វើឲ្យមានការភ័ន្តច្រឡំពីប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។
លោកក៏បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ ត្រូវតែរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីធ្វើយ៉ាងណាយកជ័យជម្នះឲ្យបាន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានផ្តល់កំណើតទី២របស់យើង ហើយបានបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់៕