(ជប៉ុន)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំដំបូងបង្អស់រវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ានជាមួយប្រទេស G7 ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់មកបន្តចូលរួមក្នុងសម័យប្រជុំពេញអង្គ។

នៅក្នុងជំនួបលើកដំបូងនេះ ភាគីទាំងអស់បានជជែកពិភាក្សាគ្នា អំពីបញ្ហានានាដែលជាកង្វល់ និងប្រយោជន៍រួម រវាងអាស៊ាន និងប្រទេស G7 ដើម្បីលើកកម្ពស់ និងរក្សាសន្តិភាព និងសណ្តាប់ធ្នាប់អន្តរជាតិ។

ក្នុងនោះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមពិសាបាយថ្ងៃត្រង់ រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងការគាំទ្រដល់អាស៊ាន និងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាស៊ាន-ជប៉ុន។

លុះរសៀលថ្ងៃដដែលនេះ លោក កៅ គឹមហួន បានផ្តល់បឋកថាពិសេស នៅឯសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ស្តីពី «កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ រយៈពេល៥០ឆ្នាំបន្ទាប់»។ នៅក្នុងឱកាសនោះ ក៏មានការសួរសំណួរពីសំណាក់និស្សិត និងគណៈសាស្ត្រាចារ្យ ព្រមទាំងអ្នកចូលរួមផ្សេងទៀត ដើម្បីយល់ដឹងកាន់តែប្រសើរអំពីអាស៊ាន និងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន។

លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមពិសាបាយការងារពេលល្ងាច ជាមួយសមាជិកគណៈកម្មាធិការអាស៊ាន ក្នុងទីក្រុងតូក្យូ នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

លោកអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តន៍ថ្មី នៅក្នុងអាស៊ាន និងទំនាក់ទំនងអាស៊ាន-ជប៉ុន ជូនដល់គណៈកម្មាធិការអាស៊ានក្នុងទីក្រុងតូក្យូ ព្រមទាំងថ្លែងអំណរគុណគណៈកម្មាធិការ ដែលបន្តគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ជាពិសេស តាមរយៈការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម៕