(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួបគម្រប់ ១០ឆ្នាំ នៃការ លើកឡើងនូវគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និង ខួបគម្រប់ ៦៥ឆ្នាំ នៃការបង្កើតចំណងការទូត កម្ពុជា-ចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាគមនិស្សិត កម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន បានសហការគ្នា រៀបចំការសម្ដែង Flash Mob «ខ្សែក្រវាត់និងផ្លូវ កម្ពុជា-ចិន ធ្វើដំណើរ ជាមួយគ្នា» អបអរសាទរ ខួបគម្រប់ ១០ឆ្នាំ នៃការលើកឡើង នូវគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និង ខួបគម្រប់ ៦៥ឆ្នាំ នៃ ការបង្កើតចំណងការទូត កម្ពុជា-ចិន។
កម្មវិធីសម្តែង ត្រូវបានរៀបចំនាថ្ងៃទី ០៧ ខែកក្កដា នៅ បរិវេណទីធ្លាខាងក្រោយសាលមហោស្រពចតុម្មុខ ។
បទចម្រៀង ចិន ដូច ជាបទ Wo De Hao Xiong Di (បងប្អូនល្អ) និងបទ Shanghai Tan (ឆ្នេរសៀងហៃ) និង ការសម្ដែង កម្មវិធីប្ដូររបាំងមុខរបស់ សិល្បករចិន ព្រមទាំងរបាំក្ងោកប៉ៃលិន និង របាំ ឆៃយ៉ាំមិត្តភាពកម្ពុជាចិន ដែល សម្ដែងដោយក្រុមសិល្បៈ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលបានការ អបអរសាទរ យ៉ាងខ្លាំង ពី សំណាក់យុវជនកម្ពុជាដែលបានសិក្សា នៅប្រទេស ចិន។ ការច្រៀងចម្រៀងរួមគ្នារវាងសិល្បករ និងទស្សនិកជនធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។
លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយក ដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុកថា ព្រឹត្តិការណ៍នេះ ពិតជាបានជំរុញដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានឹងចិនកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសផ្នែកវប្បធម៌នៃប្រទេសទាំងពីរ។
លោកថ្លែងថា «តាមរយៈសិល្បៈទាំងពីរប្រទេសកម្ពុជាចិន យើងរំពឹងថា ចំណងមិត្តភាពរបស់យើងកាន់តែរឹងមាំបន្ថែមទៀត ជាទូទៅយើងតែងតែនិយាយថាចំណងមិត្តភាពរបស់យើងជាចំណងមិត្តភាពដែកថែប ។ អ៊ីចឹងបន្ទាប់ពីខួប៦៥ឆ្នាំនេះទៅ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌ សិល្បៈកម្ពុជាចិន ចំណងមិត្តភាពយើងកាន់តែរឹងមាំអមតៈទៅមុខទៀត»។
ក្នុងចំណោមទស្សនិកជនជាច្រើននាក់ ដែលបានចូលរួមព្រឹត្តិការណ៍ ដ៏មានសារសំខាន់នេះ លោក សាន្ត វណ្ណដេត បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំការសម្តែង Flash Mob ខ្សែក្រវាត់និងផ្លូវ កម្ពុជាចិន ធ្វើដំណើរជាមួយគ្នានេះ ។
លោកបានបញ្ជាក់ថា បើនិយាយពីទំនាក់ទំនងរវាងកម្ពុជា និងចិន គឺយើងបាននឹកឃើញភ្លាមដល់ សម្តេចព្រះនរោត្តម សីហនុព្រះរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ដែលទ្រង់ជាអ្នកបង្កើតឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនជាផ្លូវការកាលពី៦៥ឆ្នាំមុន។
លោកបន្តថា «ព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះរតនកោដ្ឋ គឺជាព្រះមហាវិរក្សត្រ ដែលពុំមានអ្នកណាមកជំនួសទ្រង់បាននៅក្នុងដួងចិត្តប្រជាជនខ្មែរឡើយ។ គ្រប់ពូជនៃចំណងមិត្តភាពកម្ពុជាចិន ដែលព្រះអង្គបណ្តុះចេញ ប្រៀបបានទៅនឹងដើមឈើមួយដើម បានឆ្លងកាត់ព្យុះភ្លៀងអស់រយៈពេល៦៥ឆ្នាំ ឥឡូវនេះ បានធំលូតលាស់ក្លាយជាដើមឈើដ៏ធំស្កឹមស្កៃ ។ មិត្តភាពកម្ពុជាចិនត្រូវតែស្នងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៅមុខទៀត»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាកាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ១៩៥៨។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគី បានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ៕