(ភ្នំពេញ)៖ លោកបណ្ឌិត ឌី ខាំបូលី ប្រធានគណៈកម្មាធិការកំណែទម្រង់នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញា+២) ជំនាន់ទី១ ដែលបានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ (NIE) និងដោយមានការចូលរួមពីលោកនាយករង លោកស្រីនាយិការង គណៈគ្រប់គ្រងនៃវិទ្យាស្ថាន ជាតិអប់រំ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ដេប៉ាតឺម៉ង់ បណ្ណាល័យ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ គរុនិស្សិត និងសិស្សានុសិស្សជាច្រើននាក់។

បើតាមរបាយការណ៍សកម្មភាពស្រាវជ្រាវរបស់គរុនិស្សិត បានឱ្យដឹងថា សកម្មភាពស្រាវជ្រាវរបស់គរុនិស្សិត មានដូចជា៖ ប្រធានបទស្រាវជ្រាវអប់រំរបស់គរុនិស្សិតកម្រិតឧត្តម(បរិញ្ញាបត្រ+ ២)ជំនាន់ទី១ សរុបមានចំនួន៩៨ប្រធានបទស្រាវជ្រាវ ក្នុងចំណោមគរុនិស្សិតសរុប ចំនួន១០០នាក់ ដោយមានគរុនិស្សិត១នាក់ សុំព្យួរការសិក្សា និងគរុនិស្សិត១នាក់ បោះបង់ការសិក្សា។ ក្នុងចំណោមប្រធានបទស្រាវជ្រាវចំនួន ៩៨ប្រធានបទ ក្រុមគរុនិស្សិតគណិតវិទ្យាមានចំនួន ៣១ប្រធានបទ ជីវវិទ្យាមានចំនួន ២៣ប្រធានបទ រូបវិទ្យា មានចំនួន ២៣ប្រធានបទ និងគីមីវិទ្យាមានចំនួន២១ប្រធានបទ។

គរុនិស្សិតទាំង៤ក្រុម បានប្រមូលទិន្នន័យស្រាវជ្រាវតាមប្រធានបទរបស់ខ្លួន នៅតាមគ្រឹះស្ថានសិក្សារួចរាល់។ ក្នុងនោះគរុនិស្សិតប្រមាណ៦០% បានសរសេរបញ្ឈប់និក្ខេបបទរបស់ខ្លួន និងប្រមាណ ៤០%ទៀតកំពុងសរសេរលទ្ធផលស្រាវជ្រាវ។ គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី១ ទាំងអស់នឹងត្រូវការពារនិក្ខេបទ ស្រាវជ្រាវបញ្ចប់ការសិក្សានៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

លើកឡើងនាឱកាសនោះដែរលោកបណ្ឌិត ឌី ខាំបូលី បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ទាំងផ្នែកគរុកោសល្យ និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងគរុនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងស្រាវជ្រាវបង្ហាញស្នាដៃបន្ថែមលើមុខវិជ្ជាឯកទេសប្រកបដោយផ្លែផ្កា។

លោកបណ្ឌិត ឌី ខាំបូលី ក៏បានជំរុញឱ្យគរុនិស្សិតកម្រិតឧត្តម (បរិញ្ញា+២) ជំនាន់ទី១ ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសគឺផ្តោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ (បច្ចេកវិទ្យា វិស្វរកម្ម និងគណិតវិទ្យា) ដើម្បីធ្វើជាគំរូសម្រាប់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញា+២) ជំនាន់ក្រោយៗទៀតផងដែរ។

ជាមួយគ្នានោះដែរដើម្បីឱ្យការរៀបចំការតាំងពិព័រណ៍អប់រំលើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិត កាន់តែទទួលបានជោគជ័យបន្ថែមទៀត លោកបណ្ឌិត ឌី ខាំបូលី ក៏បានគូសបញ្ជាក់ដែរថា យើងគួរតែពង្រីក និងគាំទ្របន្ថែមទៀតទៅលេីការរៀបចំការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវ របស់គរុនិស្សិតឱ្យកាន់តែទំនើបបន្ថែមទៀត តាមរយៈការគាំទ្រលើស្នាដៃនៃការតាំងពិព័រណ៍នេះផងដែរ៕