(ភ្នំពេញ)៖ ដោយសារតែកត្តាសន្តិភាព ដែលរកបានយ៉ាងលំបាកដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាហេតុជំរុញឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើននោះ សន្តិភាពក៏បាននាំឲ្យប្រជាពលរដ្ឋមានជីវភាពសមរម្យ ក៏ដូចជាអាចសិក្សារៀនសូត្រយកជំនាញចិញ្ចឹមជីវិតផងដែរ។ ជាក់ស្តែង សន្តិភាពនេះហើយ ក៏ធ្វើឲ្យលោក ផែន ណាក់ ដែលជាប្រជាពលរដ្ឋសាមញ្ញម្នាក់ សម្រេចក្តីស្រមៃរបស់ខ្លួន ក្លាយជាមេធាវី។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មេធាវី ផែន ណាក់ បានរៀបរាប់ថា៖ ក្រោមដំណក់ទឹកសន្តិភាព! ថ្ងៃនេះខ្ញុំមានអាយុ ២៩ឆ្នាំ និង ៣៦៤ថ្ងៃហើយ នៅខ្វះស្អែក ១ថ្ងៃទៀតទេគម្រប់ ៣០ឆ្នាំគត់ យប់នេះខ្ញុំសូមផ្សងថា អ្វីៗដែលខ្ញុំមានក៏ព្រោះតែសុខសន្តិភាព និងសម្តេចតេជោ ខ្ញុំកើតឆ្នាំ ១៩៩៣ មក ខ្ញុំរៀនសាលាបឋមសិក្សា ហ៊ុន ណេង ពេលថ្នាក់មធ្យម ខ្ញុំរៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន នៅពាមកោះស្នា និងមកបន្តការសិក្សាស្នាក់នៅវត្តកំសាន្ត ខណ្ឌច្បារអំពៅសព្វថ្ងៃ ដោយយកវត្តអារាមជាទីពំនឹង និងរៀនបន្តនៅវិទ្យាល័យច្បារអំពៅ។ ឆ្នាំ២០១២ ខ្ញុំក៏បន្តការសិក្សានៅថ្នាក់ មហាវិទ្យាល័យច្បាប់ ដោយមានអាហាររូបករណ៍ក្រីក្រ របស់សម្តេចតេជោ ខំអីមិនបានរៀនចប់ទេ ខំអីមិនមានថ្ងៃនេះទេ នៅឆ្នាំ២០១៥។
ខ្ញុំបានធ្លាប់ដើរធ្វើការងារនៅគ្រប់កន្លែង ការងារស្ម័គ្រចិត្តផង ជំនួយការមេធាវីផង ជំនួយការចៅក្រមផង និងមានឱកាសបានក្លាយជាជំនួយការចាងហ្វាងសាលាឧទ្ធរណ៍ផង ឯនៅចុងឆ្នាំ២០១៨ ដោយមានបទពិសោធន៍ការងារច្រើន ក៏មានឱកាសបានចូលបម្រើការងារក្នុងវិជ្ជាជីវៈមួយលើវីស័យច្បាប់ដែលខ្លួនស្រលាញ់ នោះគឺវីជ្ជាជីវៈមេធាវីនោះឯង។
បន្ទាប់ពីទទួលបានការងារជាមេធាវី និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរួចរាល់ ខ្ញុំក៏បានរៀបចំគ្រួសារមួយ ដោយមានភរិយាជាកូនកសិករនៅខាងអរិយក្សត្រ និងមានកូនប្រុសស្រីចំនួន ២នាក់ ផ្ទះមួយខ្នងតូចល្មម និងមានយានជំនិះជិះដូចគេឯង ដែលធ្វើឲ្យខ្ញុំជាយុវជនម្នាក់នៅសម័យតេជោនេះ តាំងពីកុមារភាពមក រហូតដល់វ័យ ២៩ឆ្នាំនេះ បានស្គាល់អំពីគុណភាពនៃចំណេះដឹង និងសុភមង្គលគ្រួសារតូចមួយនៅកម្ពុជា។ នេះពិតណាស់គឺជាឥទ្ធិពល ក្រោមដំណក់ទឹកសន្តិភាពរបស់សម្តេចតេជោ ចុះទម្រាំសម្តេចតេជោ លោកបានផ្តើមកសាងប្រទេសរបស់លោកតាំងពីបាតដៃទទេ រហូតមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ យើងទាំងអស់គ្នាមើលឃើញស្រាប់ ខ្ញុំមិនមានវិជ្ជាឆ្ពិនភ្នែកទេ។
ចុងក្រោយ ខ្ញុំអរគុណសម្តេចតេជោ ស្ថាបនិកសន្តិភាព និងអរគុណសាលារៀនរបស់សម្តេចតេជោ ក្នុងរយៈពេល ១៨ឆ្នាំធ្វើឲ្យជីវិតខ្ញុំប្រែប្រួល ធ្វើឲ្យជីវិតខ្ញុំមានថ្ងៃនេះ អរគុណពុកម៉ែ និងអរគុណខ្លួនឯង៕