(កំពង់ធំ)៖ លោក ជា បូរ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចុះជួបសំណោះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋប្រមាណ ១៧០រូប ក្នុងឱកាសផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ពិសេសនៅក្នុងស្រុកបារាយណ៍ ព្រមទាំងបានបង្រៀនគូសសន្លឹកឆ្នោត ដែលប្រារព្ធឡើងនៅក្នុងភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាឱកាសនោះលោក ជា បូរ៉ា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។
ទន្ទឹមនេះលោកក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕