Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ថ្ងៃទី៧ យុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

07-07-2023 17:49

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តកំពង់ស្ពឺ រីឯគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។

ចំណែកគណបក្សនយោបាយផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សធមា្មធិបតេយ្យ គណបក្សយុវជនកម្ពុជា និងគណបក្សកសិករ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដូចជា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕