(ដាម៉ាស់)៖ យ៉ាងហោចណាស់មនុស្ស ៣១នាក់ស្លាប់ និង ១០០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីការបំផ្ទុះគ្រាប់បែក ផ្ទួនៗបានកើតឡើងនៅទីក្រុង Qamishli ភាគខាងជើងប្រទេសស៊ីរី ដែលពួកសកម្មប្រយុទ្ធ ISIS បានអះអាងថាខ្លួន ជាអ្នកប្រព្រឹត្ត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។
អាជ្ញាធរក្រុងបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត ខណៈអ្នករងរបួសជាច្រើននាក់ កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរបំផុត។ អាជ្ញាធរក្រុង Qamishli បានអំពាវនាវឲ្យប្រជាជនស៊ីរី ចេញមកបរិច្ចាគឈាម ជាបន្ទាន់ ដើម្បីជួយសង្គ្រោះជនរងគ្រោះរាប់សិបនាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
គួរបញ្ជាក់ថា ការផ្ទុះបានកើតឡើងនៅក្បែរទីស្នាក់កងកម្លាំងសន្តិសុខរបស់ពួក Kurds ដែលគាំទ្រដោយសហរដ្ឋ អាមេរិក។ ទីក្រុង Qamishli ភាគច្រើនត្រូវបានគ្រប់គ្រងដោយពួក Kurds ហើយក៏ជាគោលដៅវាយប្រហារពីក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ផងដែរ៕