(កំពង់ឆ្នាំង)៖ សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ឈាង ចន្ធី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយឃុំកោះថ្កូវ ស្រុកជល់គីរី នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តសកម្មភាពចុះសំណេះសំណាល និងពន្យល់ណែនាំដល់សមាជិកសមាជិការបស់គណបក្ស នៅមូលដ្ឋានក្នុងភូមិកោះលត និងភូមិបត់ត្រង់ ក្នុងឃុំកោះថ្កូវ ស្រុកជលគីរី។

ក្នុងសកម្មភាពចុះសំណេះសំណាល និងពន្យល់ដល់សមាជិកសមាជិកាឱ្យស្គាល់អំពីស្លាកសញ្ញា និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា និងរបៀបគូសសន្លឹកឆ្នោតខាងលើនេះ ធ្វើឡើងទៅតាមពេលវេលា ដែលគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ហៅកាត់ថា សិច ជាអ្នកកំណត់ និងបែងចែកពេលវេលាទៅតាមគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំបានរៀបចំឲ្យ ចៀសវាងការចុះធ្វើសកម្មភាពក្នុងមូលដ្ឋានតែមួយ និងថ្ងៃជាមួយគ្នា។

លោក ឈាង ចន្ធី អនុប្រធានក្រុមការងារថ្នាក់ខេត្តរបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំកោះថ្កូវ ស្រុកជល់គីរី បានបញ្ជាក់ថា ការដឹកនាំក្រុមការងាររបស់គណបក្សចុះពន្យល់ណែនាំដល់សមាជិកសមាជិកា នៅតាមខ្នងផ្ទះក្នុងមូលដ្ឋានខាងលើនេះ លោកសង្កេតឃើញថា មានប្រជាពលរដ្ឋនិងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាមូលដ្ឋានភាគច្រើនលើសលុប បានស្គាល់អំពីស្លាកសញ្ញាឡូហ្គោ និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់គ្រប់ៗគ្នា ចំណែករបៀបគូសសន្លឹកឆ្នោតវិញ ក៏ពួកគាត់ចេះចាំក្នុងការគូសបានត្រឹមត្រូវល្អផងដែរ។

លោកបានបញ្ជាក់ថា បើតាមការស្ទង់មតិពីក្រុមការងារចំពោះប្រជាពលរដ្ឋនៅតាមបណ្ដាលមូលដ្ឋាននានា ក្នុងស្រុកជល់គីរីឃើញថា ប្រជាពលរដ្ឋភាគច្រើនប្រមាណជាង ៩០ភាគរយនៅក្នុងមូលដ្ឋានរបស់លោក នឹងទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ហើយឈរនៅលេខរៀងទី១៨ ចំណែកឯថ្ងៃបោះឆ្នោតវិញ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅមានរយៈពេលតែ១៧ថ្ងៃទៀតប៉ុណ្ណោះ បើចាប់គិតពីថ្ងៃទី៧ ខែកក្កដានេះទៅ៕