(ជប៉ុន)៖ បុរសម្នាក់ប្រដាប់ដោយកាំបិត បានទម្លាយចូលមជ្ឈមណ្ឌលជនពិការ ក្នុងទីក្រុងមួយក្បែររដ្ឋធានី តូក្យូ ប្រទេស ជប៉ុន កាលពីថ្ងៃអង្គារ៍មិ្សលម៉ិញនេះ បណ្តាលឲ្យជនពិការ១៩នាក់ស្លាប់ ខណៈពួកគេកំពុងគេងលង់លក់។ នេះជាហេតុការណ៍ចាក់សម្លាប់មនុស្សទ្រង់ទ្រាយធំមួយ មិនធ្លាប់មានក្នុងប្រទេស ជប៉ុន ចាប់តាំងពីសង្គ្រាមលោក លើកទីពីរមក នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

*ទីតាំង និងពេលវេលា៖

ហេតុការណ៍នេះ បានកើតឡើងនៅមជ្ឈមណ្ឌល Tsukui Yamayuri-En ជាកន្លែងសម្រាប់មើលថែរជនពិការរាយកាយ និងអ្នកមានសតិមិនគ្រប់គ្រាន់ ដែលស្ថិតក្នុងទីក្រុង Sagamhara ស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រភាគនារតី រដ្ឋធានី តូក្យូ។

មជ្ឈមណ្ឌលនេះ មានទំហំ៣ហិចតា ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលហ៊ុព័ទ្ធដោយតំបន់ភ្នំ ព្រៃឈើ និងទន្លេ Sagami។ គេហទំព័រផ្ទាល់របស់មជ្ឈមណ្ឌលនេះ បានឲ្យដឹងថាមជ្ឈមណ្ឌល មានមនុស្សប្រមាណ១៦០នាក់ ក្នុងនោះរួមទាំងបុគ្គលិកផងដែរ។

*ជនរងគ្រោះ៖

ក្នុងហេតុការណ៍ប្រើប្រាស់កាំបិតចាក់សម្លាប់នេះ បណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់ ដោយឡែកមនុស្សយ៉ាងហោច២៥នាក់ផ្សេងទៀតរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ រួមមានបុរស៩នាក់ និងស្ត្រី១០នាក់ ដែលវ័យចាប់ពី១៩ដល់៧០ឆ្នាំ។

*ជនសង្ស័យ៖

ជនសង្ស័យមានឈ្មោះថា Satoshi Uematsu អាយុ២៦ឆ្នាំ អតីតជាបុគ្គលិកនៅមជ្ឈមណ្ឌលនេះផ្ទាល់។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ជនសង្ស័យបានប្រគល់ខ្លួនឲ្យប៉ូលីសតាមសម្រួល។

លោកបញ្ជាក់ថា គោលដៅរបស់លោក គឺជួយឲ្យជនពិការកម្រិតធ្ងន់ធ្ងរទូទាំងពិភពលោក អាចស្លាប់ទៅដោយស្រួល។ ប្រសិនបើពួកគេមិនអាចរស់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន មិនអាចចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងសង្គម ពួកគេគួរតែស្លាប់វិញវាប្រសើរជាង។ នេះជាអ្វីដែលលោក Uematsu បានសរសេរក្នុងលិខិតពីរច្បាប់ ជូនដល់អ្នកនាំពាក្យសភាជាន់ទាបរបស់ជប៉ុន។

កាលពីខែកុម្ភៈកន្លងទៅនេះ លោក Uematsu ធ្លាប់បានសរសេរនៅក្នុងលិខិតមួយថា លោកអាចនឹងសម្លាប់ ជនពិការ៤៧០នាក់ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានក្យូដូ។ លោកបានសេរសេរបន្ថែមថា លោកនឹងសម្លាប់ជនពិការកម្រិតធ្ងន់ធ្ងរ ២៦០នាក់នៅក្នុងតំបន់ពីរកន្លែងផ្សេងគ្នា ក្នុងមជ្ឈមណ្ឌល នៅពេលយប់ ប៉ុន្តែលោកនឹងមិនសម្លាប់បុគ្គលិកធ្វើការនៅទីនោះឡើយ។

សូមជម្រាបថា លោក Uematsu ធ្លាប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសង្ស័យថាមានបញ្ហាផ្លូវចិត្ត បន្ទាប់ពីលោកបានបង្ហាញចេតនាចង់សម្លាប់ជនពិការកម្រិតធ្ងន់ធ្ងរ កាលពីប៉ុន្មានខែកន្លងទៅនេះ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជប៉ុនប្រាប់ភ្នាក់ងារសារព័ត៌មានReuters។ ក្រោយមកលោកនឹងត្រូវបានដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី០២ ខែមីនាកន្លងទៅនេះ បន្ទាប់ពីលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ថានភាពផ្លូវចិត្តរបស់លោកបានប្រសើរឡើង។

លោក Umatsu ជាអ្នករស់នៅក្បែរមជ្ឈមណ្ឌលនោះផ្ទាល់។ អ្នកជិតខាងម្នាក់ឈ្មោះថា Akihiro Hasegawa អាយុ៧៣ឆ្នាំម្នាក់ បានបញ្ជាក់ថា ជនសង្ស័យជាមនុស្សដែលចេះគួរសម រួសរាយរាក់ទាក់ ជាមនុស្សដែលតែងតែញញឹមដាក់លោក។

អ្នកជិតខាងរូបនេះបានបញ្ជាក់ថា វានឹងងាយស្រួលក្នុងការប្រុងប្រយ័ត្ន ប្រសិនបើជនសង្ស័យបង្ហាញអ្វីគួរកត់សម្គាល់ ប៉ុន្តែវាហាក់ដូចជាគ្មានអ្វីគួរឲ្យសង្ស័យទាល់តែសោះ។ យើងមិនបានដឹងសោះថា បេះដូងរបស់បុរសវ័យក្មេងរូបនោះ មានភាពខ្មៅកខ្វក់បែបនេះសោះ។ លោកបានបន្តថា ជនសង្ស័យចាប់ផ្តើមផ្លាស់ប្តូរកាលពីរយៈពេល៥ខែមុន យ៉ាងនេះក្តីវាហាក់មិនមែនជាសញ្ញាដែលបញ្ជាក់ថា គេមានបំណងសម្លាប់មនុស្សបែបនេះឡើយ។


*ការវាយប្រហារ៖

ប៉ូលីសបានរកឃើញកន្ត្រកដាក់ឥវ៉ាន់ជាមួយនឹងកាំបិតជាច្រើន ក្នុងនោះមានកាំបិតយ៉ាងហោចណាស់មួយដែលប្រឡាក់ដោយឈាម។ ជនសង្ស័យបានធ្វើសកម្មភាពនៅពេលអាធ្រាត ដោយបានបើកទ្វាបន្ទប់ជនរងគ្រោះ បន្ទាប់មកក៏ចាក់សម្លាប់មនុស្សពីម្នាក់ទៅម្នាក់។

បុគ្គលិកនៅក្នុងមជ្ឈមណ្ឌលបានហៅទូរសព្ទទៅកាន់ប៉ូលីសនៅវេលាម៉ោងប្រមាណជា២ និង៣០នាទីព្រឹក(ម៉ោងក្នុងតំបន់)ដោយបានរាយការណ៍ថា មានបុរសម្នាក់ប្រដាប់ដោយកាំបិត ពាក់អាវខ្មៅ និងស្លៀកខោជើងវែងបានធ្វើសកម្មភាពចាក់សម្លាប់មនុស្ស។

*ប្រតិកម្ម និងវិធានការណ៍៖

កម្លាំងសង្គ្រោះបន្ទាន់យ៉ាងហោចណាស់២៩នាក់ បានទៅដល់កន្លែងកើតហេតុ ហើយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ៦កន្លែងផ្សេងគ្នា ក្នុងតំបន់ភាគខាងលិចរដ្ឋធានីតូក្យូ។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្លែងទៅកាន់ហ្វូងមនុស្សថា «ជនពិការជាច្រើននាក់ត្រូវបានសម្លាប់ ។ យើងនឹងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីស្វែងរកការពិត ហើយបង្កាកុំឲ្យហេតុការណ៍បែបនេះកើតឡើងសារជាថ្មីម្តងទៀត»។ ដោយឡែកលោករដ្ឋមន្ត្រី Yoshihide Suga បានថ្លែងក្នុងសន្និសិទសារព័ត៌មានថា «នេះជារឿងដ៏គួរឲ្យរន្ធត់មួយ ដោយសារជនពិការបានក្លាយជាជនរងគ្រោះ»។

ប្រជាពលរដ្ឋ Sagamihara បានបញ្ជាក់ថាពួកគេពិតជាមានក្តីរន្ធត់ជាខ្លាំង ដោយសារហេតុការណ៍សម្លាប់ មនុស្សច្រើនបែបនេះ មិនធ្លាប់កើតមានអស់រយៈពេល១០ឆ្នាំមកហើយ។ លោក OShikazu Shimo ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីក្រុងនេះបានបញ្ជាក់ថា«តំបន់នេះជាតំបន់ពោរពេញដោយសន្តិភាព លោកមិនដែលគិតថា ហេតុការណ៍បែបនេះអាចកើតឡើងនៅទីនេះឡើយ»។ លោកបានបន្តថា «ជនរងគ្រោះជាជនពិការ ដែលមិនអាចការពារខ្លួនឯងពីការវាយប្រហារបាន ហេតុនេះហើយបានជាមានមនុស្សស្លាប់ច្រើនបែបនេះ»។

សូមជម្រាបថា ប្រទេស ជប៉ុន ជាប្រទេសមួយដែលមានចំនួនបទឧក្រិដ្ឋទាបជាងគេនៅលើពិភពលោក។ ហេតុការណ៍សម្លាប់មនុស្សទ្រង់ទ្រាយធំបែបនេះ ពិតជាកម្រកើតមានណាស់ក្នុងប្រទេស ជប៉ុន ជាពិសេសការសម្លាប់ដោយកាំបិត។

រដ្ឋាភិបាលក្រុង តូក្យូ ធ្លាប់បានដាក់ចេញនូវច្បាប់រឹតបន្តឹងយ៉ាងហ្មត់ចត់ចំពោះការប្រើប្រាស់អាវុធ ជាក់ស្តែងការកាន់កាប់អាវុធពីសំណាក់សាធារណជនជារឿងដ៏កម្រណាស់។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០០១កន្លងទៅនេះ កុមារប្រាំបីនាក់ ត្រូវបានចាក់សម្លាប់នៅសាលារបស់ពួកគេនៅទីក្រុង Osaka ពីសំណាក់បុរសម្នាក់អតីតជាឆ្មាំសាលាផ្ទាល់តែម្តង។

ដោយឡែកកាលពីឆ្នាំ២០០៨កន្លងទៅនេះ បុរសម្នាក់បានបើករថយន្តខ្នាតធំមួយគ្រឿងសំដៅហ្វូងមនុស្ស ព្រមទាំងចាក់សម្លាប់មនុស្សជាច្រើននាក់ នៅក្នុងរដ្ឋធានីតូក្យូ។ ហេតុការណ៍បែបនេះ ជម្រុញឲ្យមានការរឹតបន្តឹងច្បាប់ជាថ្មី កាលពីឆ្នាំ២០០៩កន្លងទៅនេះ ទាក់ទងនឹងការគ្រប់គ្រងអាវុធ និងដាវ ដោយបានហាមឃាត់មិនឲ្យមនុស្សកាន់កាប់កាំបិតមុខពីរ ឬកាំភ្លើងបានឡើយ៕