(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។

លោកលាវ លានឈី (Liu Lianchi ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាបន្សំគ្នាយ៉ាងខ្លាំង។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែក ក្នុងការកសាងសហគមន៍ជោគវាសនាកម្ពុជាចិននៅក្នុង យុគសម័យថ្មី ។

កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុម្នាក់ទៀត បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានសហគ្រាសនិងអង្គភាពចំនួន១៧៥ ដែលមកពីប្រទេសចិនអឺរ៉ុបនិងអាមេរិក និងអាស៊ីអាគ្នេយ៍ជាដើមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ឱកាសការងារចំនួនជិត៣ម៉ឺននាក់ជូនប្រជាជនកម្ពុជា។

កញ្ញានិយាយថា៖ « ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំមានផ្ទៃដីប្រហែល ១១១៣ ហិកតា។ បច្ចុប្បន្នយើងបានអភិវឌ្ឍបានជិត៦០០ហិកតាហើយ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនសហគ្រាសចំនួន១៧៥ក្រុមហ៊ុន ហើយកំពុងដំណើរការ ក្នុងនោះ៧០ភាគរយក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋកំពុងធ្វើការជិត៣ម៉ឺននាក់ »។

គួររម្លឹកថាកាលពីឆ្នាំ២០១៦មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាក្នុង អត្ថបទដែលចុះផ្សាយនៅ ប្រព័ន្ធសារព័ត៌មានកម្ពុជា ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជា គំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។ នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃសមិទ្ធផលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ ”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។

ក្រៅពីនេះតាំងពីឆ្នាំ២០០៨មក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានពន្លឿនការកសាង ដោយឥតឈប់ឈរដែលបានក្លាយទៅជា តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់កម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅ៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន