(សៀមរាប)៖ រដ្ឋបាលព្រៃឈើបន្ទាយស្រី សហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំពិធីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ២០២៣ ព្រមទាំងកូនឈើទាល និងគគីជាង២ពាន់ដើម ដាំលើផ្ទៃដី៤ហិចតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីអស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ចូលរួមផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឱ្យដឹងថា ចាប់តាំងពីការពង្រឹងការងារយាមល្បាត និងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ តាមបណ្តាសង្កាត់ និងផ្នែករដ្ឋាលព្រៃឈើតាមក្រុង ស្រុក ព្រមទាំងដាក់គោលដៅទាំង១២ក្រុង ស្រុក ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ លើការអនុវត្តកំណែទម្រង់វិស័យព្រៃឈើ ដោយបង្កើតបានសហគមន៍ព្រៃឈើ ៦២សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃដី ជាង៣៤ពាន់ហិកតា និងបានជំរុញដល់សហគមន៍ ដែលមានសក្តានុពលអនុវត្តទេសចរណ៍ធម្មជាតិ ដោយអនុវត្គម្រោងពិពិធកម្មកសិកម្ម មិនទុកចោលដីទំនេរ មិនពិងផ្អែកតែលើផលអនុផលព្រៃឈើនោះឡើយ។ ដោយឡែកលើការងារដាំឈើ បានថែទាំចម្ការពូជឈើ ចម្ការរុក្ខទិវា ដាំឈើថ្មី ស្ថិតក្នុងស្ថានីយ៍ស្តារ និងអភិវឌ្ឍព្រៃឈើ ៧កន្លែង ស្មើផ្ទៃដីជិត៤ពាន់ហិកតា និងថ្នាលបណ្តុះកូនឈើ ១៧កន្លែង នៅតាមក្រុង ស្រុក។ ចំពោះ បទល្មើសព្រៃឈើ ដោយបង្ក្រាបបាន ៧ករណី បានបញ្ជូនទៅកាន់សាលាដំបូង ៤ករណីផងដែរ។
ថ្លែងនៅក្នុងពិធីអបអរសាទរ បុណ្យរុក្ខទិវា ៩ កក្កដា នេះដែរ លោក អ៊ាន ឃុន បានលើកឡើងថា បុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ។ ម៉្យាងទៀត ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់នូវអនុផលព្រៃឈើជាច្រើន អនេកដល់ប្រជាពលរដ្ឋ។
លោកបានបន្តថា ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនា។
ក្នុងនោះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និងការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ។ បុណ្យរុក្ខទិវានេះ ក៏ជាបេសកកម្មមួយប្រកបដោយគុណធម៌របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និងថែរក្សានិរន្តភាពនៃភពផែនដី ដើមី្ប ឲ្យមនុស្សបានរួចផុត ពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនានាទៀតផង។
ព្រឹត្តិការណ៍រុក្ខទិវានាថ្ងៃនេះ ក៏ឆ្លុះបញ្ចាំងសារជាថ្មីម្តងទៀតនូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយគ្រោះមហន្តរាយបាត់បង់ព្រៃឈើ និងស្មារតី ម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ យើងត្រូវចាប់ផ្តើមដោយឥត បង្អែរបង្អង់នូវផែនការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឱ្យខេត្តសៀមរាប រក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិពណ៌បៃតងឡើងវិញ៕