(សៀមរាប)៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លក នៅឃុំកំពង់ភ្លក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា កងកម្លាំងនគរបាលមានតួនាទីយ៉ាងសំខាន់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលឈរលើគោលនយោបាយ របស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាព។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានលើកឡើងថា ក្រោយរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្តិភាព និងដើម្បីចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានល្អប្រសើរ ក្រោមការចង្អុលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការជ្រោមជ្រែងពីសំណាក់លោកអភិបាលស្រុក ថ្នាក់ដឹកនាំ សប្បុរសជន អាជីវករ អាជ្ញាធរមូលដ្ឋានកងកម្លាំងនគរបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុត នៃអធិការដ្ឋានគរបាលស្រុកប្រាសាទបាគង បានចាប់ផ្ដើមកសាងអាគារទំហំ៧,៩ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ក្បឿង ហើយបានសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដោយចំណាយថវិការអស់ចំនួន ៤២,៥២៣ដុល្លារ។
លោកអធិការស្រុកបានបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩១ ធ្វើអំពីឈើប្រក់ស័ង្កសី មានប្រវែងទទឹង ៧,៩ម៉ែត្រ បណ្តោយ ១២ម៉ែត្រនិង កម្ពស់ពីដីដល់ដំបូលប៉ុស្តិ៍មានប្រវែង ៥ម៉ែត្រ ស្ថិតនៅភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានកម្លាំងសរុប៧នាក់ ស្រី១នាក់។
លោកវរសេនីយ៍ឯក បានបន្តថា ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោស្នងការ និងលោកអភិបាលស្រុក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប៉ុស្តិ៍ខាងលើបានប្ដូរទីតាំងថ្មី ស្ថិតនៅក្នុងភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានផ្ទៃដីទទឹង ១០ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ ហើយចាប់ផ្តើមកសាងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ដែលមានប្រវែងទទឹង ៧,៩ម៉ែត្រ បណ្តោយ ១២ម៉ែត្រ និងកម្ពស់ពីដីដល់ ដំបូលប៉ុស្តិ៍មានប្រវែង ៩ម៉ែត្រ ហើយការកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុកនេះ ចំណាយថវិកាអស់ចំនួន ៤២៥២៣ដុល្លារ ជាមួយគ្នានេះដែរ ការកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ គឺដោយការសហការរៃអង្គាសសប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំកងកម្លាំង ទាំង៨ប៉ុស្តិ៍ផងដែរ។
ចំពោះការកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុកនេះ មានការចូលរួមឧបត្ថម្ភពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៥០០០ដុល្លារ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង ចំនួន២៥០ដុល្លារ អ្នកឧញ៉ា អ៉ឹង ប៊ុនហ៊ូ ប្រធានអគ្គនាយកក្រុមហ៊ុន អាយ អ៉ិនជី ហូលឌីង ខូអិលធីឌី ចំនួន ៤,៧៧៣ដុល្លារ លោក សាន្ត រ័ត្នស៊ីង ចំនួន ៥០០០ដុល្លារ។
លោកឧត្តមសេនីយ៍ទោ តេង ចន្ទណាត បានលើកឡើងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក បានបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២មកហើយ និងបានដំណើរការតាំងពីពេលនោះដែរ ទោះបីមិនទាន់បានសម្ភោធក៏ដោយ គឺដើម្បីឆ្លើយតបឱ្យបានទាន់សភាពការណ៍ ក៏ដូចជាការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុកផងដែរ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ឃុំកំពង់ភ្លុក គឺជាឃុំមួយដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ ដែលទាក់ទង់ទៅនឹងបឹងទន្លេសាប ព្រៃលិចទឹក នេះគឺជាកត្តាសំខាន់ណាស់ដែលប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឲ្យបានគ្រប់គ្នា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រោមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានផងដែរ។
លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំស្ដាប់តាមការញុះញង់របស់ជនអគតិមួយចំនួន ដែលតែងតែបង្ហោះសារមួយចំនួននៅតាមបណ្ដាញសង្គមជាញឹកញាប់ ដើម្បីបង្កចលាចលនៅក្នុងសង្គមតែប៉ុណ្ណោះ។ ដូច្នេះដែរ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្សជារៀងរហូតដល់កូនចៅជំនាន់តទៅទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ តេង ចន្ទណាត ក៏បានផ្តល់នូវថវិការដល់អធិការដ្ឋាននគបាលស្រុកប្រាសាទបាគង ចំនួន២លានរៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុត ចំនួន ៥០មុឺនរៀល ព្រមទាំងកុំព្យូទ័រមួយផងដែរ៕