(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី​ ០៧ ខែកក្កដា ឆ្នាំ២០២៣ បានជួបសំណេះសំណាលសួរសុខទុក្ខ​ផ្សព្វផ្សាយគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា និងពិនិត្យសកម្មភាពណែនាំ ពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ (គូសឲ្យចំលេខរៀងទី​ ១៨)​ ដល់សមាជិក​ សមាជិការគណបក្សប្រជាជនកម្ពុជា​​ នៅភូមិអូតានីស ឃុំរលាប្អៀរ ភូមិអូកំណប់ភូមិព្រៃលាក់នាង ឃុំជ្រៃបាក់, ភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។

បណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលត្រូវប្រើសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីតបស្នងសងគុណដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

បណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន រួមជាមួយសមាជិក/សមាជិកាបក្ស បានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕