(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃ៦ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ត «គោលការណ៍ណែនាំ ស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា»

ពិធីនេះ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Will Parks តំណាងប្រចាំប្រទេសអង្គការយូនីសេហ្វ(UNICEF) នៅកម្ពុជា ព្រមទាំងមានការចូលរួមពី លោកស្រី Manveen Kohli តំណាងភាពជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (GPEVAC) តំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងសិស្ស-និស្សិត។

លោករដ្ឋមន្រ្តី បានបន្ដថា «គោលការណ៍ណែនាំ ស្ដីពីកិច្ចការពារកុមារ លើប្រព័ន្ធអនឡាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា» នេះគឺជាសមទ្ធិផលថ្មីមួយ ដែលត្រូវបានរៀបចំឡើង ដោយក្រុមការងារ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការសហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធនានា ក្នុងគោលដៅរៀបចំនូវវិធានការច្បាស់លាស់ ដើម្បីថែរក្សាសុវត្ថិភាពរបស់កុមារលើប្រព័ន្ធអនឡាយ និងនៅពេលពួកគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងឧបករណ៍ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ឬម៉ាស៊ីនស្វ័យសិក្សា (Machine-Learning) និងដើម្បីឆ្លើយតប ឲ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធផលនៅពេលដែលកុមារជួបប្រទះហានិភ័យ។ ស្របតាមគោលការណ៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ការការពារកុមារ គឺជាទំនួលខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ រាប់បញ្ជូលទាំងអ្នកធ្វើនយោបាយ វិស័យឯកជន ឪពុកម្ដាយ អាណាព្យាបាល អ្នកធ្វើការក្នុងវិស័យអប់រំ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ចូលរួមអនុវត្តតាមគោលការណ៍ណែនាំនេះ ដើម្បីធ្វើយ៉ាងណាឲ្យកុមារកម្ពុជា មានអ៊ីនធឺណិតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងឲ្យពួកគេក្លាយជាពលរដ្ឋឌីជីថលរឹងមាំ ដែលទ្រទ្រង់ដល់ដំណើរកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក៕