(កំពង់ឆ្នាំង)៖ ក្រុមគ្រួសារស្ត្រីជាកម្មការិនីម្នាក់ កំពុងរស់នៅយ៉ាងលំបាកលំបិនជាទីបំផុត ដោយសារតែរូបនាងបានធ្លាក់ខ្លួនពិការភាពបាត់បង់សមត្ថភាពពលកម្ម មិនអាចធ្វើការងាររកស៉ីបាន ព្រោះតែរូបគាត់បានរងគ្រោះដោយ សារគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលចេញមកពីធ្វើការវិញ កាលពីជាង ៣ខែមុន។

អ្នកស្រី ប៉ែន ស៉ីណាត អាយុ៦០ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតស្ត្រីពិការខាងលើនេះបានរៀប រាប់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា កូនស្រីរបស់គាត់មានឈ្មោះ ភយ ចាន់រ៉ានី អាយុ៤២ឆ្នាំ មានប្ដីឈ្មោះ ជឹម ឆន អាយុ៥០ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានកូនប្រុសស្រីចំនួន២នាក់ មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់បានចូលធ្វើការជាកម្មការិនី រោងចក្រ អឹមវ៉េ (MV) ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។ កូនស្រីរបស់គាត់បានចូលបម្រើការងារជាកម្មការិនីរោងចក្រខាងលើនេះជាង៥ឆ្នាំមកហើយ។

អ្ន​កស្រីបានរៀបរាប់ទាំងអ៊ួលដើមកថា នៅថ្ងៃមួយនៅពេលដែលកូនស្រីរបស់គាត់ចេញពីធ្វើការរោងចក្រនៅពេលល្ងាច ដោយបានជិះម៉ូតូតែម្នាក់ឯងនៅពេលមកដល់ពាក់កណ្ដាលផ្លូវ​ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវគោ មួយហ្វូងរត់មកបំបុកម៉ូតូរបស់នាង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ក្រាលកៅស៊ូ ធ្វើឲ្យនាងរងរបួសធ្ងន់ផុងលលាដ៏ក្បាលមួយចំហៀងប៉ែកខាងឆ្វេង និងរងរបួសរាងកាយជាច្រើនកន្លែងទៀត។

ដោយសារស្ថានភាព កូនស្រីរបស់គាត់មានអាការៈធ្ងន់ធ្ងររហូតសន្លប់ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង រួចបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ឯទីក្រុងភ្នំពេញ ហើយបានដឹងខ្លួនរយៈពេល២ខែក្រោយ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ក្រុមគ្រូពេទ្យ ប៉ុន្តែរូបនាងស្ថិតក្នុងភាពពិការនៅឡើយ ដែលបាត់បង់សមត្ថភាពការងារទាំងស្រុង។

អ្នកស្រីបានបញ្ជាក់ថា​ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្រុមគ្រូពេទ្យបានប្រឹងប្រែងធ្វើការសង្គ្រោះដោយធ្វើការវះកាត់ទាំងមានសង្ឃឹមតិចតួចប៉ុណ្ណោះ តែសំណាងល្អ កូនស្រីរបស់គាត់បានរួចផុតជីវិត តែនាងត្រូវធ្លាក់ខ្លួនពិការអស់មួយជីវិត។ ចំណែករយៈពេល២ខែ ដែលកូនស្រីរបស់គាត់សម្រាកនៅក្នុងមន្ទីរពេទ្យរុស្ស៊ី គឺកូនស្រីរបស់គាត់សន្លប់មិនដឹងខ្លួននោះឡើយ។

អ្នកស្រីបានរៀបរាប់ទាំងទឹកភ្នែកបន្តទៀតថា ស្ថានភាពដែលកូនស្រីរបស់គាត់ ធ្លាក់ខ្លួនពិការបច្ចុប្បន្ននេះ ទីមួយទន់ដៃជើងងើបមិនរួចពីកន្ទេលដោយខ្លួនឯង, ផុងលលាដ៏ក្បាលមួយចំហៀងប៉ែកខាងឆ្វេង, បាត់បង់ការចងចាំ, និងដៃជើងមួយចំហៀងកម្រើកមិនរួច។ បន្ទាប់ពីកូនស្រីរបស់គាត់ធ្លាក់ខ្លួនពិការ ហើយបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ បន្ទុកដ៏ធ្ងន់នេះគឺធ្លាក់មកលើប្ដី និងកូនៗរបស់នាងជាអ្នកមើលថែ និងត្រូវលើកដាក់ជាប្រចាំដោយមិនបានចេញទៅរៀនសូត្រ ឬធ្វើការងាររកស៊ីអ្វីបាននោះឡើយ។

ចំណែកប្ដីដែលកន្លងមកធ្វើជាកម្មករសំណង់ ក៏ត្រូវផ្អាកការងារដោយធ្វើការមិនបានជាប់លាប់ដូចពីពេលមុននោះដែរ ត្រូវបែងចែកពេលវេលាមើលថែប្រពន្ធខ្លះ និងឆ្លៀត ពេលខ្លះទៅធ្វើកម្មករសំណង់ ដើម្បីយកប្រាក់មកដោះ ស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដោយឡែកកូនស្រីម្នាក់ដែលនាងបានរៀននៅសកលវិទ្យាល័យឆ្នាំទី២ ទៅហើយនោះ ឥឡូវនេះក៏ត្រូវបោះបង់ការសិក្សាដើម្បីមកនៅជួយមើលថែម្ដាយ។

អ្នកស្រីរៀបរាប់ទាំងខ្សឹកខ្សួលទៀតថា អ្វីដែលធ្វើឲ្យគ្រួសារគាត់រឹតតែបារម្ភខ្លាំងជាងនេះទៅទៀតនោះ គឺកូនស្រីរបស់គាត់បានជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជនចំនួន ២ម៉ឺនដុល្លារ ដែលកាលនោះកូនរបស់គាត់បានខ្ចី យកមកធ្វើផ្ទះខ្លះ និងចង់ធ្វើដើមទុនរកស៊ីខ្លះដោយសំអាងថា ខ្លួនបានធ្វើការនៅរោងចក្រ និងប្ដីធ្វើការសំណង់ ដើម្បីរកប្រាក់យកមកបង់រំលោះជូនអង្គការខាងលើនេះជាបណ្ដើរៗ តែទើបតែបង់បានរយៈពេល១៤ខែប៉ុណ្ណោះ។ ចប់ពីកូនស្រីរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍មក គឺមានរយៈពេល៤ខែហើយ ដែលមិនបានបង់ការប្រាក់ជូនមីក្រូហិរញ្ញវត្ថុឯកជនខាងលើនេះ ហើយក៏ត្រូវបានគេមកទារលុយជារៀងរាល់សប្តាហ៍ផងដែរ។

ដោយក្រុមគ្រួសារកូនស្រីរបស់អ្នកស្រី កំពុងជួបការលំបាក និងម្យ៉ាងខ្លាចក្រែងប្រឈមការរឹបអូសយកផ្ទះរបស់កូនស្រី និងចៅៗខ្លាចមិនមានជម្រកជ្រក បើទោះជាពេលនេះគេមិនមានទាន់មានគម្រោងណាមួយ នៃការរឹបអូសយកផ្ទះរបស់កូនស្រីគាត់ក៏ដោយ តែអ្នកស្រី កូនៗ និងចៅៗចេះតែមានការភ័យបារម្ភ ហេតុនេះក្នុងនាមគាត់ជាម្ដាយ និងជាជីដូនមានតែលើកម្រាមដៃដប់ សូមការសន្តោសប្រណីពីស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន សូមមេត្តាយោគយល់ដល់គ្រួសាររបស់គាត់ដោយក្តីអនុគ្រោះផងចុះ​ ព្រោះបច្ចុប្បន្ននេះគ្រួសាររបស់គាត់មិនទាន់មានលទ្ធភាពរកប្រាក់មកបង់ជូនបាននៅឡើយទេ។

ដោយសារតែអ្នកស្រី ក៏កំពុងរស់ក្នុងជីវភាពទីទ័លក្រដែរ មិនមានលទ្ធភាពជួយដល់ក្រុមគ្រួសារកូនស្រី និងចៅៗ ដែលកំពុងរស់នៅក្នុងជីវភាពដ៏លំបាកលំបិនបាន ហេតុនេះជំនួសមុខឱ្យកូនស្រីនិងទាំងចៅៗ ពួកគាត់ទាំងអស់គ្នា បានដាច់ចិត្តលើកម្រាមដៃដប់សំពះគោរពសុំដល់សប្បុរសជនជិតឆ្ងាយ ពិសេសសំពះសុំដល់លោក លោកស្រីជាថ្នាក់ដឹកនាំ ជាពិសេសលោកបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ក្រែងលោកមាន ចិត្តសប្បុរសធម៌ សុំលោកមេត្តាជួយដោះស្រាយ និងជួយសម្រាលនូវទុក្ខលំបាក របស់កូនស្រី និងចៅៗរបស់គាត់ដោយក្តីមេត្តាករុណាផងចុះ៕