(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអំពាវនាវប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក អ៉ី ឈាន បានថ្លែងបែបនេះ ខណៈលោកបានបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅភូមិប៉ាហ៊ីជើង និងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចំនួនជាង៥០០នាក់ នៅថ្ងៃទី០៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក អ៉ី ឈាន បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេច ទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
បេក្ខជនតំណាងរាស្ត្ររូបនេះ បានលើកឡើងថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសប៉ៃលិន មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត។
លើសពីនេះ លោក អ៉ី ឈាន ក៏បានអំពាវនាវដល់សកម្មជន សមាជិក សមាជិកាគណបក្ស ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។
នៅក្នុងឱកាសនោះផងដែរ លោក អ៉ី ឈាន និងក្រុមការងារក៏បានបង្រៀនសមាជិក សមាជិកាបក្ស អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោតគ្រប់ៗអណត្តិ៕