(បន្ទាយមានជ័យ)៖ ក្រោយមានការផ្ទុះអាវុធបង្កអសន្តិសុខ សមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ បានចាប់ និងបញ្ជូនជនជាតិថៃប្រុស ស្រីចំនួន៧នាក់ និងដកហូតអាវុធខ្លី២ដើម ព្រមទាំងជួញដូរសារធាតុញៀនចំនួន១៦ប្រភេទ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នាថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនសង្ស័យដែលជាជននជាតិថៃចំនួន៧នាក់ រួមមាន៖
ទី១៖ ឈ្មោះ គីតធីជុង ស៊ុមប៊ុត ភេទប្រុស អាយុ២៣ឆ្នាំ
ទី២៖ ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុស អាយុ២៦ឆ្នាំ
ទី៣៖ ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុស អាយុ២៧ឆ្នាំ
ទី៤៖ ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុស អាយុ២៣ឆ្នាំ
ទី៥៖ ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុស អាយុ២០ឆ្នាំ
ទី៦៖ ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុស អាយុ៣០ឆ្នាំ
និងទី៧៖ ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃទាំងនេះ ស្នាក់នៅក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង១១ថ្ងៃត្រង់ នៅចំណុចភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែតមានករណីផ្ទុះអាវុធ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការសម្របសម្រួលពីលោក កើត សុវណ្ណា ព្រៈរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាលអថិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃបានចំនួន៧នាក់ ស្រី១នាក់រឹបអូសដកហូតវត្ថុតាងគ្រឿងញៀន និងសាធាតុញៀនមានចំនួន១៦ប្រភេទ។
ថ្នាំញៀនទាំងនោះរួមមាន៖ ថ្នាំញៀនប្រភេទគ្រាប់ចតុកោណកែងចំនួន១៣គ្រាប់, ថ្នាំគ្រាប់ចតុកោណកែង៨គ្រាប់, ថ្នាំគ្រាប់ពណ៌ស្វាយអក្ស (RR) ចំនួន២០គ្រាប់, ថ្នាំគ្រាប់ពណ៌ទឹកដោះគោ (DIOR) ចំនួន៤៩គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតងអក្ស (FRIMIN5) ចំនួន៥បន្ទះ, ថ្នាំគ្រាប់ពណ៌ក្រហម (FRIMIN5) ចំនួន១៥បន្ទះ, ថ្នាំញៀនក្រាមពណ៌សថ្លា៣ថងស្មើ៣.៨២ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥គ្រឿង , គ្រឿងញៀនប្រភេទម្ស៉ៅហ្មតសថ្លាចំនួន ២៥ថងតូច ស្មើ១២៣,៣១ក្រាម , ថ្នាំគ្រាប់ពណ៌ការ៉ុតអក្ស (WY) ចំនួន៤៤០គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហម (WY) ចំនួន៥០គ្រាប់ ស្មើ៤.៥០ក្រាម, អាវុធខ្លី២ដើមមាន២បង់២២គ្រាប់, សៀវភៅប៉ាស្ព័រ ៤ក្បាល, អត្តសញ្ញាណប័ណ្ណថៃ ចំនួន ៣សន្លឹក, ដបទឹកថ្នាំអក្ស (ALLERGIN) ចំនួន២៥ដប និងទូរស័ព្ទដៃ១គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា នៅពេលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៧នាក់ ស្រី១នាក់និងវត្ថុតាងគ្រឿងញៀនសាធាតុញៀនចំនួន១៦ប្រភេទ គឺមានករណីផ្ទុះអាវុធហើយកម្លាំងស្រាវជ្រាវ និងបង្ក្រាបកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ហើយត្រូវបាននាំយកសាកសួរតាមចម្លើតសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕