(ប៉ៃលិន)៖​ លោក​ កើត សុធា អភិបាលខេត្តប៉ៃលិន នាព្រឹក​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ រួមដំណើរដោយ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការមួយចំនួនទៀត បាននាំយក​អង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួនទៀត ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ​ជាង៣០០គ្រួសារ រស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អង្ករដែលបានយកទៅចែកជូនប្រជាពលរដ្ឋនាពេលនោះ សរុប២តោន ដែលជាអំណោយរបស់ព្រះសង្ឃចិន ព្រះនាម សិ លៀនជឺ ចំណែកថវិកា និងទឹកសុទ្ធ​ជាង៣០០កេះ និងថវិកា  ជាអំណោយ​របស់​សាលាខេត្តប៉ៃលិន ដោយក្នុងនោះប្រជាពលរដ្ឋម្នាក់ៗ ទទួលបានទឹកសុទ្ធមួយកេះ អង្ករ១០គីឡូក្រាម និងថវិកា៣០,០០០រៀល។

លោក​ កើត សុធា អភិបាលខេត្ត បានថ្លែងថា «ស្របពេលដែលប្រទេសជាតិយើងមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា យើងមានឱកាស​ប្រកបរបរ​ចិញ្ចឹមជីវិតដោយសេរី ត្រឹមត្រូវ ហើយយើងតែងតែជួយគ្នា ក្នុងពេលជួបគ្រាក្រលំបាក»។ លោកបន្ដថា «នៅក្នុងឱកាសនេះ យើងមានការជួយឧបត្ថម្ភពីព្រះសង្ឃនៃប្រទេសចិន និងអាជ្ញាធរ​ខេត្ត បានពាំនាំនូវអំណោយមួយចំនួនបន្ថែមទៀត មកចែកជូនដល់ប្រជាពលរដ្ឋយើងនាពេលនេះ ដើម្បីសំរួលដល់ជីវភាពរស់ របស់បងប្អូនប្រជាពលរដ្ឋ​យើង ទោះបីអំណោយទាំងនេះ មានចំនួនតិចតួចក្ដី តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងសប្បុរសជន​»។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវឧស្សាហ៍ព្យាយាម ខិតខំបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ លើកស្ទួយជីវភាពគ្រួសារ ហើយមិនត្រូវនាំគ្នាលេង​ល្បែងស៊ីសង សេពគ្រឿងស្រវឹង បង្កអំពើហឹង្សាក្នុងគ្រួសារឡើយ ហើយត្រូវណែនាំបងប្អូន កូនចៅទាំងអស់ ឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

ជាងនេះទៅទៀត លោកក៏បានណែនាំ ឲ្យប្រជាពលរដ្ឋដែលមិនទាន់បានធ្វើសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ ត្រូវប្រញាប់ធ្វើឲ្យបានរូសរាន់ ដើម្បីបំពេញកាព្វកិច្ចប្រជាពលរដ្ឋ បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧ខាងមុខនេះ ព្រោះបើគ្មានអត្តសញ្ញាណប័ណ្ណគំរូថ្មីទេ គឺបងប្អូនមិនអាចចុះឈ្មោះបោះឆ្នោ​តបានឡើយ គឺមានន័យថា បងប្អូនបានបាត់បង់សិទ្ធ ក្នុងការជ្រើសរើស​ថ្នាក់​ដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្តរួចទៅហើយ៕