(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានជួបកុមារាម្នាក់ដោយចៃដន្យ ដែលមានស្ថានភាពសុខភាពស្លេកស្លាំង ទន់ដៃជើង និងឡើងកម្ដៅខ្លួន ដោយដៃបន្ដោងសឺរ៉ូម ស្ថិតនៅស្ថានភាពគ្រោះថ្នាក់ មិនបង្អង់យូរឱ្យម្ដាយកុមារនោះប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ ដោយលោកស្រី បានទាក់ទងទៅកាន់គ្រូពេទ្យនៅទីនោះ ត្រៀមលក្ខណៈជាស្រេច ដើម្បីសង្គ្រោះ។
លោកស្រីរដ្ឋលេខាធិការប្រចាំការ បានឱ្យបណ្ដាញព័ត៌មាន Fresh News ដឹងថា កុមារា ឈ្មោះ ភឿន ភីឡែន អាយុ១០ឆ្នាំ រស់នៅម្ដុំផ្សារក្រមួន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានម្ដាយបីក្រសោបនៅក្នុងដៃ ដើរតាមផ្លូវនៅម្ដុំផ្សារក្រមួន ដោយឃើញពីស្ថានភាពសុខភាពមិនស្រួល លោកស្រីក៏បានសួរនាំម្ដាយកុមារានោះ ថាកូនមានជំងឺគ្រុនឈាម តែដោយឃើញស្ថានភាពហាក់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ទើបឱ្យម្ដាយកុមារនោះ កុំបង្អង់ទុកកូនយូរយ៉ាងដូច្នេះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ ដែលជាមន្ទីរពេទ្យជំនាញលើជំងឺកុមារ ពិនិត្យតាមដានត្រឹមត្រូវ។
បន្ទាប់មកលោកស្រី យក់ សម្បត្ដិ ក៏បានហៅម៉ូតូកង់បី ចេញថវិកាជូនរួចជាស្រេច ដើម្បីនាំម្ដាយ និងកុមារនេះ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ខណៈនោះលោកស្រី ក៏បានទំនាក់ទំនងទៅកាន់គ្រូពេទ្យគន្ធបុប្ផា ដើម្បីត្រៀមទទួលនៅទីនោះ ដោយកុំបង្អង់យូរ។
លោកស្រី យក់ សម្បត្តិបញ្ជាក់ថា «តាមការឱ្យដឹងមុននេះបន្ដិច កុមារា ភឿន ភីឡែននេះ ដែលយើងបានបញ្ជូនពីភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺទទួលបានការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យគន្ធបុប្ផា ហើយជំហានដំបូង តាមការពិនិត្យតាមដានរបស់ក្រុមគ្រូពេទ្យ គឺបានសន្និដ្ឋានថា កូននេះមានជំងឺរលាកខួរក្បាល រួមផ្សំនឹងការខ្វះឈាមក្រហម អីចឹងការព្យាបាលបឋម គឺធ្វើការបញ្ជូលឈាម ហើយនឹងពិនិត្យព្យាបាលទៅតាមរោគសញ្ញា ។ គ្រូពេទ្យនឹងបន្ដតាមដានសុខភាពកុមារានោះ ជាបន្ដបន្ទាប់ទៀត»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោកស្រី យក់ សម្បត្ដិ បានអមដំណើរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ ដែលដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការកំណត់របស់ គ.ជ.ប ដល់អាជីករលក់ដូរ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕