(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងថា បក្សប្រជាជនកម្ពុជា ជាអ្នកផ្ដល់សិទ្ធិសេរីភាព ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាជន ទូទាំងប្រទេស ដូចនេះសូមប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
លោក ងួន រតនៈ បានថ្លែងបែបនេះនៅក្នុងពេលដែលលោក និងក្រុមការងារចុះជួបអាជីវករផ្សារកំពង់ធំ ដើម្បីឃោសនារកសឡេងឆ្នោតនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣។
លោកបានសម្ដែងនូវក្តីនឹករឭកជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកមានជំនឿជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន នៅចំពោះមុខនេះរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈក្នុងការជំរុញអនុវត្ត នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការដាក់ចេញគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបបិយវត្ថុ និងការដាក់ចេញវិធានការអន្តរាគមន៍នានាបន្ថែម តាមការចាំបាច់ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាពិសេសបង្កើតការងារជូនប្រជាជនផ្តល់លទ្ធភាពឱ្យគ្រួសារទទួលបានប្រាក់ចំណូលកើនឡើង បន្តលើកកម្ពស់ប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងគុណភាពនៃការរស់នៅព្រមទាំងបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំទ្រសង្គមឱ្យកាន់តែរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពសំដៅ ធានាឱ្យកម្ពជាបន្តដំណើរលើមាគ៌ាអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយវិបុលភាពសមធម៌ បរិយាបន្ននិងចីរភាព។
លោក ងួន រតនៈ បានផ្សព្វផ្សាយនៅស្នាដៃធំៗជាច្រើនទៀតដែលជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកសាងកន្លងមកឱ្យសមាជិកសមាជិកាបានយល់កាន់តែច្បាស់ នៅស្នាដៃជាប្រវត្តិសាស្ត្រ និងសមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា។
លោក ងួន រតនៈ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាបាននូវសុខសន្តិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកបានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០២៣នេះឱ្យគ្រប់គ្នា៕