(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀន ក្នុងស្រុកសេសាន ចំនួន ២៨០នាក់ ក្នុងនោះស្រ្តីចំនួន១៤៤នាក់ ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឱ្យដឹងថា ពិធីសំណេះសំណាលនាពេលនេះ បានធ្វើឡើងគឺក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំជាមួយមន្ត្រីគ្រប់លំដាប់ថ្នាក់​ដែលអាចធ្វើទៅបានកន្លងមក ដែលតែងបានជួបជុំជាមួយ លោកគ្រូ  អ្នកគ្រូបង្រៀនដែលកំពុងបំពេញការងារនៅក្នុងស្រុកសេសានផ្ទាល់។

នាឱកាសនោះ លោកអភិបាលខេត្តស្ទឹងត្រែង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ បង្រៀនទាំងអស់ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមអនុវត្តន៍ នូវរាល់កំណែទម្រង់ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីប្រសិទ្ធិភាព គុណភាពនៃការរៀន និងបង្រៀនតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ។

លោក ស្វាយ សំអ៊ាង បានបន្តថា ដោយបច្ចុប្បន្ន ប្រទេសមានសុខសន្តិភាព ពេញលេញ មានស្ថិរភាពនយោបាយ រក្សាបាននូវកំណើនការងារ មានសមធម៌សង្គម និងមានប្រសិទ្ធភាពការងារ ដែលប្រជាជនទទួលបាន នូវភាពសប្បាយរីករាយពីកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន បានធ្វើឱ្យប្រទេស មានការរីកចម្រើនជាបន្តបន្ទាប់ តាំងពីទីក្រុងដល់ជនបទ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា នៅពេលខាងមុខ ប្រទេសកម្ពុជា នឹងរៀបចំនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដូចនេះត្រូវត្រៀមលក្ខណៈ ដើម្បីបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋ ដើម្បីចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងឈានមកដល់នាពេលខាងមុខនេះឱ្យបានគ្រប់ៗ៕