(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងជាអ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Kim Jung-Nam ប្រធានមូលនិធិ ចែករំលែកសង្គ្រោះជីវិតសកល និងគណៈប្រតិភូដែលអញ្ជើញមកបំពេញ ទស្សនកិច្ចការងារមនុស្សធម៌នៅរកម្ពុជា នាពេលនេះ។

លោក ម៉ម ប៊ុននាង បានថ្លែងថា វត្តមានរបស់លោកប្រធានមូលនិធិ និងគណៈប្រតិភូ នាឱកាសនេះ គឺពិតជាមានសារៈសំខាន់ក្នុងការថែរក្សា ពូនជ្រំកិច្ចសហប្រតិ បត្តិការរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយ មូលនិធិចែករំលែក សង្គ្រោះជីវិតសាកល ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនទីទ័លក្រ និងក្រុមប្រជាជនងាយរងគ្រោះនៅប្រទេសកម្ពុជា ឱ្យបានកាន់តែប្រើសើរឡើងថែមទៀត។ 

ជាមួយគ្នានេះ លោក Kim Jung-Nam បានសម្តែងនូវការអរគុណ និងសប្បាយរីករាយក្រៃលែងចំពោះលោក ម៉ម ប៊ុននាង ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទទួល រូបលោក និងគណៈប្រតិភូ។ កាយវិការនេះ គឺបានបង្ហាញនូវសន្តានចិត្តដ៏ប្រពៃរបស់លោក និងជាការរិតចំណងមិត្តភាពឱ្យកាន់តែរឹងមាំថែមទៀតរវាងព្រឹទ្ធសភាកម្ពុជា ជាពិសេសគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ។

លោកប្រធានមូលនិធិ បានបញ្ជាក់បន្ថែមថា នេះជាលើកទី២ហើយ ដែលរូបលោក បានដឹកនាំគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចការងារ មនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ហើយសកម្មភាពនេះនឹងមានជាបន្តបន្ទាប់ទៀត ដើម្បីបង្ហាញអំពីភាពស្និទ្ធស្នាល និងភាពរឹងមាំនៃចំណងមិត្តភាពរវាងគ្នានឹងគ្នា។

ដោយឡែកនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ អមដំណើរដោយមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ ស្ថិតក្នុងឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ គណៈប្រតិភូទាំងពីរ បានប្រគល់សម្ភារសិក្សាមួយចំនួនដែលមានដូចជាខ្មៅដៃ ជ័រលុប សៀវភៅសរសេរ ហាយឡាយ ស្បែកជើង ការតាប...។ល។ និងថវិកាមួយចំនួនដល់ គណៈគ្រប់គ្រង់សាលាផងដែរ។

បន្ទាប់មកនារសៀលថ្ងៃខែឆ្នាំដដែលនេះ គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងលោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់ថែទាំងសុខភាពមនោរម្យ ក្រោមការឧបត្ថម្ភគាំទ្ររបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសក នៃសាធារណរដ្ឋកូរ៉េ ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងលោក Kim-Jung-Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល បានឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្នុងអង្គពិធីចំនួន២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០,០០០រៀល។

សូមបញ្ជាក់ថា បន្ទប់ថែទាំងសុខភាពមនោរម្យ គឺជាជំនួយសប្បុរសជនកូរ៉េ ហើយទទួលពិនិត្យ ព្យាបាលដោយជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ បន្ទប់ថែទាំងសុខភាពមនោរម្យ ចែកជាបន្ទប់សម្រាប់ពិនិត្យជំងឺទូទៅ បន្ទប់សម្រាលកូន បន្ទប់សម្រាកព្យាបាល និងមានផ្នែកជាច្រើនទៀត៕