(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណប្សប្រជាជនកម្ពុជា ឃោសនារកសំឡេងឆ្នោត នៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី, សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតឆ្នាំ២០២២កន្លងៗមក ព្រមទាំងបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិកនេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកសំឡូត និងស្រុករតនៈមណ្ឌល ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាព ជំងឺកូវីដ១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង ស៊ីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង។ សម្ដេចបន្ថែមថាគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងធានាការពារសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា មានតែរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាទេដែលការពារបានសុខសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិរីកចម្រើនខ្លាំងជាបន្តបន្ទាប់ យ៉ាងច្រើនលើគ្រប់វិស័យដែលមានអ្នកដឹកនាំដ៏ឈ្លាវៃប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕