(កណ្ដាល)៖ លោក សុខ ចិន្តាសោភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានថ្លែងថា នាវាកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តធ្វើដំណើរទៅមុខឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿង។
ការថ្លែងបែបនេះរបស់លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងពេលលោកដឹកនាំក្រុមការងារចុះជួបជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅភូមិចំនួន៣នៃឃុំលំហាច រួមមាន ភូមិទូករទេះ ភូមិតារ័ត្ន និងភូមិព្រៃទទឹង នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជម្រាបជូនពីព័ត៌មានបោះឆ្នោត និងរបៀបគូសសន្លឹកឆ្នោត។
នាឱកាសនោះ លោក សុខ ចិន្តាសោភា បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ ដែលត្រូវប្រើសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ស្របតាមគោលការណ៍ «ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ» ដើម្បីតបស្នងសងគុណដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។
លោកថ្លែងយ៉ាងដូច្នេះថា «នាវាកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តធ្វើដំណើរទៅមុខឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿង»។
លោក សុខ ចិន្តាសោភា រួមជាមួយសមាជិក/សមាជិកាបក្សខាងលើបានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា បានចុះជួបជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដាឃុំនានានៃស្រុកអង្គស្នួលជារៀងរាល់ថ្ងៃ ដែលការជួបជុំនោះមានគោលបំណងចម្បងមួយចំនួនដូចជា ជម្រាបជូនសមាជិក សមាជិកាបក្ស អំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកក៏បានណែនាំណែនាំសមាជិក សមាជិកាបក្ស ពិសេសលោកតា លោកយាយ អំពីរបៀបគូសសន្លឹកឆ្នោត និងអញ្ជើញសមាជិក សមាជិកាបក្សឱ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ៕