(កំពង់ស្ពឺ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជា អធិបតីភាព បើកវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២៥ និងបើកវគ្គបណ្ដុះបណ្ដាលពិសេសថ្នាក់ប្រតិបត្តិការ ជូនមន្ត្រីមុខងារសាធារណៈ ជាឧទ្យានុរក្សជំនាន់ទី៣ នៅសាលានាយទាហានសកម្ម (ត្មាតពង) ស្ថិតក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២៥ និងវគ្គបណ្ដុះបណ្ដាលពិសេសថ្នាក់ប្រតិបត្តិការជូនដល់មន្ត្រីមុខងារសាធារណៈ ជាឧទ្យានុរក្សជំនាន់ទី៣ ដែលបានដំណើការបើវគ្គនៅពេលនេះ មាននិស្សិតនាយទាហានវ័យក្មេង ដែលបានប្រលងជាប់ចូលជានាយទាហានសកម្មជំនាន់ទី២៥ ចូលហ្វឹកហ្វឺនចំនួន ១០០នាក់ ក្នុងនោះមាននារី ១៧នាក់ ដោយសិក្សារយៈពេល៤ឆ្នាំ លើមុខវិជ្ជាមួយចំនួន រួមមាន វិទ្យាសាស្ត្រយោធា, វិទ្យាសាស្ត្រមូលដ្ឋាន និងចំណេះដឹងផ្សេងៗ។ រីឯវគ្គបណ្ដុះបណ្ដាលពិសេសថ្នាក់ប្រតិបត្តិការ ជូនមន្ត្រីមុខងារសាធារណៈ ជាឧទ្យានុរក្សជំនាន់ទី៣ មានមន្ត្រីមកពីក្រសួងបរិស្ថាន ចូលមកទទួលការបណ្ដុះបណ្ដាលចំនួន៦៩នាក់ ដែលមានរយៈពេលរៀនសូត្រ៥៦ថ្ងៃ លើមុខវិជ្ជាសិក្សា ការអប់រំ.និងវិទ្យាសាស្រ្តយោធា។
លោក សាយ សំអាល់ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់សិស្ស និស្សិត នៃសង្គមស៊ីវីល ដែលបានប្រឡងជាប់ចូលជា នាយទាហានសកម្មសម្រាប់វគ្គបណ្ដុះបណ្ដាល ជំនាន់ទី២៥ និងមន្ត្រីមុខងារសាធារណៈ ជាឧទ្យានុរក្ស សម្រាប់ជំនាន់ទី៣ របស់ក្រសួងបរិស្ថាន នាឆ្នាំ ២០២៣នេះ ដើម្បីបន្តវេនលើវិស័យការពារជាតិ និងការពារបរិស្ថាន របស់កម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការបណ្តុះបណ្តាល និងការអភិវឌ្ឍទៅបានក៏អាស្រ័យលើកត្តាសង្គមជាតិមានសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ពុះពារគ្រប់ឧបសគ្គដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។
ថ្នាក់ដឹកនាំទាំង២រូប បានបន្តថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព, សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់រស់រានមានជីវិតឡើងវិញ រួមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលប្រជាជនកម្ពុជាទទួលបានដូចបច្ចុប្បន្ន។ ដើម្បីថែរក្សាបានសមិទ្ធផលជាតិដ៏ឧត្តុង្គឧត្តម កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យខាងតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។
លោក សាយ សំអាល់ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកដល់ប្អូនៗ និស្សិតនាយទាហានសកម្មថ្មី ជំនាន់ទី២៥ និងសិក្ខាកាមមន្ត្រីឧទ្យានុរក្សជំនាន់ទី៣ ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការរៀបចំការប្រកួតកីឡាជនពិការអូឡាំពិក អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនអាចកាត់ផ្តាច់បានពីកត្តាសន្តិភាព និងបានបង្ហាញដល់ពិភពលោកឱ្យស្គាល់ពីការពិតនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលពោរពេញដោយការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។
ជាមួយនឹងការលើកឡើងពីតម្លៃសន្តិភាព លោក សាយ សំអាល និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានគូសបញ្ជាក់ពីស្ថានការណ៍សកលលោកបច្ចុប្បន្ន ដែលស្ថិតក្នុងចរន្តសកលភាវូបនីយកម្ម ពោរពេញដោយការប្រកួតប្រជែងផ្នែកចំណេះដឹង និងបច្ចេកវិជ្ជា ដែលកត្តានេះ កងយោធពលខេមរភូមិន្ទ ក៏ត្រូវខិតខំកសាងធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងជំនាញផងដែរ ដើម្បីតាមទាន់ចរន្តតំបន់ និងពិភពលោក។
លោក សាយ សំអាល់ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយមទាំងឡាយណា ដែលមានចរិតបង្កចលាចលក្នុងសង្គម រក្សាឱ្យបានស្ថេរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ បានជំរុញដល់គណ:គ្រប់គ្រងសាលានាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ យោធាចារ្យរបស់សាលា ត្រូវយកចិត្តទុកដាក់ ម្ចាស់ការហ្វឹកហ្វឺន ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ការបណ្តុះបណ្តាលយោធិនបច្ចេកទេសជំនាញ ការកសាងនាយទាហានវ័យក្មេងសម្រាប់បន្តវេន ដែលជាកត្តាគន្លឹះនៃការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាព នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ។
លោក សាយ សំអាល់ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើដល់និស្សិតនាយទាហានសកម្មជំនាន់ទី២៥ និងសិក្ខាកាមជាមន្ត្រីឧទ្យានុរក្សជំនាន់ទី៣ ទាំងអស់ ក្នុងរយៈពេលនៃការបំពេញកម្មសិក្សា ហ្វឹកហ្វឺននូវក្បួនច្បាប់យោធា នៅក្នុងសាលានេះប្អូនៗត្រូវគោរពឱ្យបានម៉ឺងម៉ាត់នៅបទបញ្ជាផ្ទៃក្នុង និងក្រឹត្យវិន័យរបស់សាលា។ ជាមួយគ្នានេះដែរ ក៏ត្រូវហាត់ពត់លត់ដំខ្លួន ដោយត្រូវពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ និងប្រជាជន ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហ្វឺន រៀនសូត្រ ដកបទពិសោធន៍ នៅរាល់ចំណេះដឹងនានាដែលសាលាបានបណ្ដុះបណ្ដាលដើម្បីប្រែក្លាយខ្លួនជានាយទាហានដ៏ល្អ មានទាំងសមត្ថភាព គុណភាព ក្រោយពេលបញ្ជាក់វគ្គចេញទៅអនុវត្តការងារជាក់ស្ដែង តាមបណ្ដាអង្គភាពកងយោធពលខេមរភូមិន្ទ និងស្ថាប័នរដ្ឋ ក្លាយជាអ្នកដឹកនាំល្អ លើការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕