(កណ្ដាល)៖ លោក អ៊ាវ ចំរើន ប្រធានក្រុមការងារឃុំកោះខ្សាចទន្លា ស្រុកស្អាង ខេត្តកណ្ដាល បានសស្រាក់សស្រាំបន្ដដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ក្នុងជំនួបជាមួយប្រជាពលរដ្ឋទាំងទឹកមុខសប្បាយរីករាយ លោក អ៊ាវ ចំរើន បានពន្យល់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទាំងអស់ អំពីរបៀបនៃការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ហើយគូសនៅលេខរៀងទី១៨ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ព្រមទាំងធានានូវសុខ សន្ដិភាពសម្រាប់ប្រជាជនគ្រប់រូប។
លោក អ៊ាវ ចំរើន បានរំលឹកទៅកាន់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលតែងតែនៅក្បែរ និងនៅជាប់ប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាអ្នកដែលរំដោះប្រទេសកម្ពុជា ចេញពីភ្លើងសង្រ្គាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចនៅពេលបច្ចុប្បន្ននេះ ដូច្នេះហើយអ្វីៗទាំងអស់នេះ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចរក្សាបានឲ្យនៅស្ថិតស្ថេរគង់វង្ស។
លោកប្រធានក្រុមការងារក៏បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕