(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១១ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៉ី តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៉ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៉ី ព្រមទាំងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀត នូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឱ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្តែងនានា។ កិច្ចពិភាក្សានេះក៏នឹងគ្របដណ្ដប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករសម្រាប់កំណើនសកលប្រកបដោយចីរភាព និងផ្ដោតលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

កិច្ចប្រជុំនេះ ផ្តល់កាលានុវត្តភាពក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពអាស៊ាន និងបង្កើនទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ព្រមទាំងភាគីខាងក្រៅផ្សេងទៀត ដើម្បីធានាថា អាស៊ាននៅតែរក្សាបាននូវភាពពាក់ព័ន្ធដ៏សំខាន់ជា «ស្នូលនៃកំណើនសកល»