(កណ្ដាល)៖ លោក គង់ វិបុល ប្រធានគណៈកម្មាធិការបក្សមូលដ្ឋានអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម កំពុងដឹកនាំក្រុមការងារគណបក្សប្រជាជនចុះផ្សព្វផ្សាយពីគោលនយោបាយបក្ស និងជំរុញកិច្ចការមួយចំនួនទៀតដល់សមាជិកបក្សនៅស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីឈានទៅសម្រេចបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោតដែលឈានដល់ថ្ងៃទី៧នេះ (ចាប់ពីថ្ងៃទី១-២១ ខែកក្កដា) យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គង់ វិបុល គឺកំពុងប្រព្រឹត្តទៅនៅឃុំចំនួន៣បន្ថែមទៀត រួមមាន ឃុំកោះរះ ឃុំថ្មគរ និងឃុំទឹកឃ្លាំង នៃស្រុកល្វាឯម ដោយមានការរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិក/សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម សរុបប្រមាណ៣០០នាក់ មកពីឃុំទាំង៣ខាងលើ។

លោក គង់ វិបុល បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ ដែលត្រូវប្រើសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីតបស្នងសងគុណដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

លោកបានសង្កត់ធ្ងន់ថា សមាជិកគណបក្សគឺមានកាតព្វកិច្ចចាំបាច់ចូលរួមយកជ័យជម្នះជូនគណបក្ស ឈ្នះឱ្យខ្លាំង ឈ្នះឱ្យដាច់។ ដើម្បីសម្រេចលទ្ធផលនេះ សកម្មជនបក្សត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងជំរុញឱ្យសមាជិកទៅបោះឆ្នោតដោយយកគោលការណ៍ «ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ»។

នាឱកាសនោះ លោក គង់ វិបុល និងក្រុមការងារចុះជួយមូលដ្ឋានស្រុកល្វាឯម ក៏បានផ្សព្វផ្សាយពីរបៀបគូសសន្លឹកឆ្លោត ពិសេសនៅលើក្រឡោនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលើលេខរៀងទី១៨ ទៅដល់សមាជិក/សមាជិកគណបក្សផងដែរ។

លោក គង់ វិបុល រួមជាមួយសមាជិក/សមាជិកាបក្សខាងលើបានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

លោកបានប្រកាសហើយថា លោកនឹងដឹកនាំក្រុមការងារគណបក្សបន្តធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនៅតាមឃុំនានាបន្តទៀត រហូតដល់ទាល់តែគ្រប់ឃុំទាំងអស់នៅក្នុងស្រុកល្វាឯម ហើយណែនាំឱ្យក្រុមការងារអនុវត្តយុទ្ធនាការនេះឱ្យបានជាប់រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ពិធីនោះដែរ លោក គង់ វិបុល ក៏បានចុះជួបសំណេះសំណាលសមាជិក/សមាជិកាគណបក្សដែលប្រចាំការតាមមណ្ឌលសកម្មភាពនានា ក្នុងឃុំកោះរះ ឃុំថ្មគរ និងឃុំទឹកឃ្លាំង៕