(ភ្នំពេញ)៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងមន្ដ្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើសារលិខិតអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលឆាណែលតេឡេក្រាម (Telegram Channel ) របស់សម្តេចមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក។

យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរដ៏ក្រៃលែង ដែលឆាណែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក ហើយបន្តមានកំណើនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

ការទទួលបានចំនួន អ្នកភ្ជាប់ឆាណែលតេឡេក្រាមដ៏ច្រើនលើសលប់ ក្នុងរយៈពេលខ្លីនេះ ជាសក្ខីភាពសបញ្ជាក់ពីប្រជាប្រិយភាព ការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី។

សម្ទុះនៃការគាំទ្រដ៏ច្រើននេះ ពិតជាបង្ហាញពីការផ្តល់តម្លៃយ៉ាងធំធេង និងមហាកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ៕