(ភ្នំពេញ)៖ លោកបណ្ឌិត​ ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសរយៈពេល៤៤ឆ្នាំមកនេះ គឺផ្តោតសំខាន់លើ ៣ចំណុចប៉ុណ្ណោះនោះគឺ ជីវិត ក្រពះ និងមុខមាត់។

តាមរយៈវីដេអូ ដែលផ្សព្វផ្សាយតាមបណ្តាញ Telegram នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «គោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ៤៤ឆ្នាំមកនេះ ធ្វើការងារផ្តោតលើគោលដៅតែ៣ទេ ជីវិត ក្រពះ និងមុខមាត់»

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ទៅថ្ងៃអនាគត ក៏គោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នៅតែបន្តផ្តោតសំខាន់លើ៣ចំណុចនេះដដែល មិនមែនត្រឹមតែអតីតកាល និងបច្ចុប្បន្ននោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់អំពី គោលដៅអាទិភាព៣ចំណុច នៃគោលនយោបាយនេះ ដោយក្នុងនោះលោកថា ជីវិត៖ គឺរាជរដ្ឋាភិបាលគិតអាយុជីវិតប្រជាពលរដ្ឋជាធំ ដោយចាប់ផ្តើមពីការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបង្រួមបង្រួមជាតិ បង្កើតសន្តិភាពពេញលេញឱ្យកម្ពុជា។ ចំណែក ក្រពះ គឺសំដៅជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើឱ្យកាន់តែធូរធារប្រសើរឡើង ដែលក្នុងនោះមានការហូបចុក ការរៀនសូត្រ ការរស់នៅ និងសុខភាពជាដើម។ រីឯង មុខមាត់ សំដៅលើការផ្តល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងខិតខំស្វែងរកកិត្តិយសឱ្យកម្ពុជានៅលើឆាកអន្តរជាតិជាដើម៕

ខាងក្រោមនេះជាវីដេអូរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត៖